(ភ្នំពេញ)៖ សម្តេចពិជ័យសេនេា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ការសង់ចេតិយ និងស្តូបរំលឹកគុណ រួមទាំងការរៀបចំធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាពីសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងធ្វើឱ្យបានរួចរាល់មុន ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។

ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ជាខួបលើកទី៤៥ឆ្នាំ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា (អង្គភាព១២៥ បង្កើតឡើងថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨) ដើម្បីរំដោះប្រជាពលរដ្ឋខ្មែរចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ជាព្រឹត្តិការណ៍សំខាន់មួយបន្ទាប់ពីដំណើរផ្សងព្រេងរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម ដែលជាការយកអាយុជីវិតធ្វើជាដើមទុន ដើម្បីរំដោះជាតិ។

ថ្លែងក្នុងសន្និសីទកាសែត ក្រោយពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើការដ្ឋានសាងសង់មហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុ និងជាស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ដូច្នេះថា៖ «យ៉ាងណាក៏ដោយចាំបាច់ត្រូវតែធ្វើឱ្យបានចប់ហើយស្រេចបាច់មុនថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។.. ខែឧសភា ឆ្នាំ២០២៣ គឺជាការគោរពវិញ្ញាណក្ខន្ធដំបូងបន្ទាប់ពីអដ្ឋិធាតុ បានមកដល់។ ដូច្នេះពេលវេលានេះ ទម្រាំដល់ពេលនោះ គឺយើងត្រូវធ្វើអ្វីៗទាំងអស់រួមទាំង ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនោះផងដែរ ឱ្យចប់សព្វគ្រប់នៅមុនថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣»

សម្តេចពិជ័យសេនា បានបន្ថែមថា ឆ្នាំ២០២៣ យើងនឹងធ្វើពិធីគោរពវិញ្ញាណក្ខន្ធនៅទីនេះ និងរំលឹកខួបនៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា គម្រប់៤៥ឆ្នាំ។ ដូច្នេះសំណង់នេះ គឺត្រូវតែហើយមុនទាំងអស់ អដ្ឋិធាតុក៏ត្រូវតែធ្វើមាតុភូមិនិវត្តន៍មកមុនដែរ។

សម្តេចពិជ័យសេនា បានរម្លឹកឱ្យដឹងថា នៅក្រោយការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជានោះ គឺមានការតស៊ូដ៏សកម្ម ហើយការតស៊ូនេះហើយ បានធ្វើឱ្យកងកម្លាំងមួយចំនួនពលីជីវិត ដែលពេលនោះមានការប្រមូលសាកសពបានចំនួន៤៩រូប ទៅផ្ញើនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

សម្តេចបន្តថា ដោយឡែកពេលនេះ ប្រទេសកម្ពុជាមានសុខសន្តិភាព រីកចម្រើន ដោយសារលទ្ធភាពធ្វើអ្វីៗបានគ្រប់បែបយ៉ាងទាំងអស់ ដោយស្មារតីមនុស្សធម៌ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តើមគំនិត និងបញ្ជាឱ្យរៀបចំមាតុភូមិនិវត្តអដ្ឋិធាតុរបស់កងកម្លាំងប្រដាប់អាវុធដែលបានពលីពេលនោះ ហើយត្រូវបានតម្កល់ទុកនៅប្រទេសវៀតណាម៕