(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញលិខិតថ្វាយអំណរព្រះគុណ និងថ្លែងអំណរគុណចំពោះសម្តេច ព្រះមហាសង្ឃរាជ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ដែលបានផ្ញើសារលិខិតរំលែកទុក្ខ ព្រមទាំងអញ្ជើញចូលរួម និងចាត់ព្រះរាជគណៈប្រតិភូ និងគណៈប្រតិភូតំណាង ចូលរួមបុណ្យសព មហាវិរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ដែលត្រូវជាបិតាបង្កើតរបស់លោក។

នៅសារលិខិតថ្វាយអំណរព្រះគុណ និងថ្លែងអំណរគុណ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ លោកទេស រដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ព្រះរាជតំណាងដ៏ឧត្តុង្គឧត្តម និងវត្តមានដ៏ខ្ពង់ខ្ពស់ ព្រមទាំងព្រះរាជសារ និងសារលិខិតចូលរួមរំលែកទុក្ខរបស់សម្តេចព្រះមហាសង្ឃរាជ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកលោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ បានសបញ្ជាក់នូវទឹកព្រះទ័យ ទឹកចិត្តស្រឡាញ់រាប់អាន និងសមានចិត្តដ៏ថ្លៃថ្លាឧត្តុង្គឧត្តម មិនអាចកាត់ថ្លៃបានចំពោះទូលបង្គំយើងខ្ញុំព្រះករុណា យើងខ្ញុំទាំងអស់គ្នា។

ទូលបង្គំ ខ្ញុំព្រះករុណា ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមថ្វាយព្រះពរ និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ប្រគេនថ្វាយ និងជូនចំពោះ សម្តេចព្រះមហាសង្ឃរាជ សម្តេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ និងសូមប្រកបដោយ
ពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា មហាវិរិយាភិរក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបមត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុកបង្កើត របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលមរណភាព នៅថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៨៖០០ល្ងាច ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយ ជរាពាធ៕