(ភ្នំពេញ)៖ ក្នុងសិក្ខាសាលារយៈពេល២ថ្ងៃ ពិគ្រោះយោបល់លើសេចក្តីព្រាងក្របខ័ណ្ឌជំរុញការអនុវត្តថៃទាំសុខភាពបឋមនៅកម្ពុជា ក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ អង្គការជាតិ អង្គការអន្ដរជាតិ សុទ្ធតែមើលឃើញដូចគ្នាថា ការជំរុញការអនុវត្តថែទាំសុខភាពបឋមនៅកម្ពុជា គឺជាការងារចាំបាច់ ព្រោះផ្ដល់នូវសារៈសំខាន់ណាស់ សម្រាប់ឲ្យសហគមន៍របស់យើងតទៅថ្ងៃមុខទៀត។
នេះជាការឲ្យដឹងពី លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប) (Taskforce for Primary Health Care Booster) ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោយបញ្ចប់សិក្ខាសាលាពិគ្រោះយោបល់ រយៈពេល២ថ្ងៃ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «ដៃគូអង្គការជាតិ អង្គការអន្ដរជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរសុខាភិបាល ក្រសួងពាក់ព័ន្ធ និងតំណាងក្រសួងសុខាភិបាល យល់ឃើញថា ការអនុវត្តការជំរុញការអនុវត្តថែទាំសុខភាពបឋមនៅកម្ពុជា គឺជាការងារចាំបាច់ ព្រោះផ្ដល់នូវសារៈសំខាន់ណាស់ សម្រាប់ឲ្យសហគមន៍របស់យើងតទៅថ្ងៃមុខទៀត ក្នុងរយៈពេល១០-២០ឆ្នាំ បន្តទៅមុខទៀតនេះយើងរំពឹងថា គាត់នឹងអាចកែប្រែនូវទម្លាប់ ឬក៏របៀបរបបការរស់នៅរបស់យើងដើម្បីឆ្ពោះទៅរកធ្វើយ៉ាងណាឲ្យមានសុខភាពល្អ»។
បើតាមលោកស្រី ឱ វណ្ណឌីន ការអនុវត្តការជំរុញការអនុវត្តថែទាំសុខភាពបឋម គឺជាការជំរុញការទទួលខុសត្រូវរបស់បុគ្គល របស់គ្រួសារ និងសហគមន៍ ទៅលើការថែទាំសុខភាពបឋម ដើម្បីឲ្យប្រជាពលរដ្ឋចេះធ្វើម៉េចទាំងការរស់នៅ ទាំងការហូបចុក និងទាំងការធ្វើសកម្មភាពផ្សេងៗទៀត ផ្ដោតទៅលើគោលគំនិតថាធ្ វើយ៉ាងណាឲ្យខ្លួននេះមានសុខភាព ដើម្បីការរស់នៅរបស់ខ្លួនបានយូរអង្វែង។
លោកស្រី ឱ វណ្ណឌីន បានអះអាងទៀតថា ក្នុងសិក្ខាសាលានេះ ភាគីទាំងអស់បានបង្ហាញនូវគាំទ្រទាំងអស់គ្នា ហើយក៏មានការប្ដេជ្ញាចិត្តមួយចំនួនដែរ ដើម្បីជំរុញការងារនេះឲ្យដំណើរទៅដោយរលូនដូចអ្វីដែលរំពឹងទុក។ ក្រៅពីការប្ដេជ្ញាចិត្តរបស់រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ជាពិសេស គឺអង្គការសុខភាពពិភពលោក ក៏បានប្ដេជ្ញាចិត្តដាច់នៅក្នុងការបន្តការជួយគាំទ្រនូវដំណើរការ នៃការសម្រេចនូវឯកសារនេះ ក៏ដូចជានៅពេលចាប់ផ្ដើមអនុវត្តជាជំហានៗ នៅក្របខ័ណ្ឌអនុវត្តជំរុញបង្កើនការការងារថែទាំសុខភាពបឋមនេះ។
បន្ថែមពីនេះ គ្រប់ភាគីទាំងអស់ក៏បានឯកភាពគ្នានូវអ្វីដែលជាមូលដ្ឋានគ្រឹះ ដែលតំណាងដោយរូបចង្កៀង ដែលផ្ដល់នូវក្ដីសង្ឃឹម ផ្ដល់នូវពន្លឺ គាំទ្រដើម្បីធ្វើឲ្យបុគ្គលនីមួយៗ គ្រួសារនីមួយៗមានថាមពល ក្នុងទិសដៅធ្វើឲ្យសហគមន៍មានសុខភាពល្អ សហគមន៍ដែលមានភាពធន់ទៅនឹងជំងឺដម្កាត់ ដែលចេះការពារខ្លួន ហើយអ្វីដែលសំខាន់ គឺសហគមន៍នោះមានអាយុកាលរស់នៅយន្តយូរ។
សូមស្ដាប់នូវបទសម្ភាសរបស់លោកស្រី ឱ វណ្ណឌីន ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖