(ភ្នំពេញ)៖ សិក្ខាកាមដែលបានបញ្ចប់ការសិក្សា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) បានបង្ហាញការសាទរ កោតសរសើរ និងថ្លែងអំណរគុណចំពោះ Fresh News ដែលបានបង្រៀនអំពីការសរសេរព័ត៌មានដល់ពួកគេ និងបានអះអាងថាថ្នាក់មួយនេះ ពិតជាបានជួយពួកគេឱ្យបានស្វែងយល់ ពីរបៀបសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈពិតប្រាកដ។

កញ្ញា សាញ់ ស៊ីណាវត្តី ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីអំពីរបៀបសរសេរព័ត៌មាន Fresh News បានបញ្ជាក់ថា នាងពិតជាមានអារម្មណ៍សប្បាយរីករាយ បន្ទាប់ពីបានបញ្ចប់វគ្គសិក្សា៣ខែ ពីរបៀបសរសេរព័ត៌មានពី មជ្ឈមណ្ឌល បណ្ដុះបណ្ដាល Fresh News (FTC) ដោយនាងបានសិក្សាច្រើនពីចំណេះដឹងទូទៅនៃការសរសេរព័ត៌មាន។

កញ្ញាបានអះអាងថា ការសរសេរព័ត៌មានដោយផ្អែកលើទ្រឹស្តី រួមទាំងបទពិសោធជាក់ស្តែង វាពិតជាមានសារៈសំខាន់ណាស់ ព្រោះអ្នកព័ត៌មាន ពិតជាមិនអាចសរសេរព័ត៌មានបានដោយមិនមានការសិក្សាច្បាស់លាស់នោះទេ សម្រាប់អ្នកដែលមានជំនាញ ចាំបាច់គឺតម្រូវឱ្យមានការសិក្សាច្បាស់លាស់មួយពីអ្នកជំនាញ។

យុវតីរូបនេះបានបន្ថែមថា ព័ត៌មានគឺពិតជាមានសារសំខាន់ ដែលវាជាការចែករំលែកទៅកាន់មនុស្សផ្សេងៗទៀត ដូចនេះសម្រាប់អ្នកព័ត៌មានចាំបាច់ត្រូវ តែមានចំណេះដឹង បទពិសោធន៍ និងមានរបៀបរបបគ្រប់គ្រាន់សម្រាប់ការចែករំលែកព័ត៌មានពិត និងមានសារៈសំខាន់នោះ។ កញ្ញាបានអះអាងទៀតថា ក្រោយពីបានបញ្ចប់ការសិក្សាពី FTC ពិតជាធ្វើឱ្យនាងទទួលបានបទពិសោធច្រើនផ្នែកព័ត៌មាន និងអាចពង្រឹងសមត្ថភាពរបស់ខ្លួនផងដែរ។

ចំណែក លោក កែវ សុវណ្ណារ៉ា ជាសិស្សវគ្គបណ្តុះបណ្តាលជំនាន់ទី៣ របស់ FTC បានឱ្យដឹងដែរថា «យើងទាំងអស់គ្នា ក្នុងនាមជាអ្នកសារព័ត៌មាន មុននឹងចេញទៅធ្វើការត្រូវតែមានការសិក្សាស្វែងយល់ពីអ្វីដែលជាច្បាប់ និងទម្លាប់អ្នកសារព័ត៌មានត្រូវតែដឹង បើមិនដូចនេះទេនឹងបង្កជាកំហុសឆ្គងនៅពេលដែលយើងចុះទៅបំពេញការងារ»

លោកបានបន្ថែមថា ក្នុងនាមជាអ្នកសារព័ត៌មានមួយរូប ចាំបាច់ត្រូវមានការសិក្សាពីជំនាញរបស់ខ្លួនឱ្យបានគ្រប់គ្រាន់ ហើយការដែលមករៀនលើវិស័យព័ត៌មាន ក្នុងមជ្ឈមណ្ឌល FTC ពិតជាមានសារសំខាន់ណាស់ ព្រោះថ្នាក់មួយនេះដែរគឺមានការបណ្តុះបណ្តាលពីគ្រូដែល មានបទពិសោធន៍ និងជំនាញច្បាស់លាស់ទាំងក្នុងនិងក្រៅប្រទេស។

លោក កែវ សុវណ្ណារ៉ា ក៏បានស្នើឱ្យមជ្ឈមណ្ឌលមួយនេះ បន្តវគ្គបង្រៀនជាបន្តបន្ទាប់ ជាពិសេសមានវគ្គថ្មីៗបន្ថែមទៀត សម្រាប់អ្នកជំនាន់ក្រោយបានរៀន និងបាន ស្វែងយល់ពីរការសរសេរព័ត៌មាន និងមានការទទួលស្គាល់ត្រឹមត្រូវ មិនរំលោភទៅលើសិទ្ធិបញ្ញា ឬអភ័យឯកសិទ្ធិណាមួយ ដោយសារតែបច្ចុប្បន្នប្រទេសកម្ពុជាអព្យាក្រឹត និងកាន់របបលទ្ធិប្រជាធិបតេយ្យ ហើយការបញ្ចេញមតិនេះគឺជារឿងមួយដ៏សំខាន់។

សូមបញ្ជាក់ថា FTC គឺជាផ្នែកមួយនៃអង្គភាពព័ត៌មាន Fresh News ហើយត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News។ FTC ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជា ចូលរួមបណ្តុះបណ្តាល យុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម។

Fresh News Training Center (FTC) មានលោក ម៉ារ យ៉ារិទ្ធ ជាគ្រូបង្គោល និងជាប្រធានមជ្ឈមណ្ឌលផ្ទាល់តែម្ដង ដោយលោក គឺជាអ្នកសារព័ត៌មាន ចាស់វស្សា មានបទពិសោធន៍ ជិត៤០ឆ្នាំហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក៕