(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ការអនុវត្តយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត នៅភូមិគោលដៅទាំង ១១៤ សម្រេចបានស្ទើរតែទាំងស្រុងហើយ ខណៈពលរដ្ឋ ១ ១១៧ គ្រួសារបានចាប់ឆ្នោតយកដីឡូតិ៍ នៅតំបន់រុនតាឯក។

ក្រុមការងារបាន និងកំពុងសិក្សាគម្រោងប្លង់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដោយបន្ថែមនូវផ្សារ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទឹក អគ្គិសនី សេវាទូរស័ព្ទ និងសេវាអ៊ិនធើណែត ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ការដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឲ្យដឹងថា ការអនុវត្តយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទទួលបានលទ្ធផលដូចខាងក្រោម៖

១៖ ក្រុមការងារបច្ចេកទេសបាន និងកំពុងធ្វើការវាស់វែងក្បាលដីនៅភូមិគោលដៅទាំង ១១៤ ភូមិ ស្ថិតនៅឃុំចំនួន ១៧ សង្កាត់ចំនួន ៧ ក្រុងចំនួន ១ និងស្រុកចំនួន ៤ ក្នុងភូមិសាស្រ្ដខេត្តសៀមរាប ក្នុងនោះ ៨១ភូមិ សម្រេចលទ្ធផលបាន ១០០% និង ៣៣ភូមិ កំពុងអនុវត្តការងារវាស់វែង សម្រេចលទ្ធផលបាន ៨០% ដោយវាស់វែងក្បាលដីបានសរុប ៨៦ ២៣០ក្បាលដី ក្នុងនោះ ក្បាលដីមានសំណង់ចំនួន ៣៧ ៣៥១ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤២ ៩២២ក្បាលដី និងក្បាលដីជាដីស្រែចម្ការ ចំនួន ៥ ៩៥៧ក្បាលដី។

២៖ ប្រជាពលរដ្ឋស្ថិតនៅភូមិទក្សិណត្បូង និងភូមិត្រពាំងសេស ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ បានទៅចាប់ឆ្នោតជ្រើសរើសឡូត៍ដីនៅភូមិធម្មជាតិរុនតាឯករួច ចំនួន ១ ១១៧ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ១ ឡូត៍ ទំហំ ២០ ម៉ែត្រ x ៣០ ម៉ែត្រ។ ប្រជាពលរដ្ឋសាទរ និងពេញចិត្តក្នុងការទទួលយកដីឡូត៍ជាមួយនឹងការដាំដំណាំហូបផ្លែជូនគ្រប់ដីឡូត៍ដោយក្រសួងបរិស្ថាន និងបានទៅសម្អាតដីឡូត៍រៀងៗខ្លួន។

៤៖ ប្រជាពលរដ្ឋស្ម័គ្រចិត្ត និងបានរុះរើតូបខុសច្បាប់ស្ថិតក្នុងតំបន់រមនីយដ្ឋានអង្គរបានចំនួន ៣២២ តូប ក្នុងនោះស្ថិតនៅចំណុចទីតាំងមុខប្រាសាទបន្ទាយក្តីចំនួន ៣៤ តូប, ចំណុចទីតាំងស្រះស្រង់ខាងត្បូងចំនួន ១៨៦ តូប, ចំណុចទីតាំងភូមិទក្សិណខាងត្បូងចំនួន ៧៩ តូប និងចំណុចទីតាំងខាងត្បូងកស្សិណអង្គរចំនួន ២៣ តូប។ ក្រុមការងារបានដាំកូនឈើឡើងវិញលើទីតាំងដីដែលបានរុះរើតូប បានចំនួនប្រមាណ ២ ០០០ ដើម។

៤៖ ការរៀបចំដីឡូត៍នៅតំបន់អភិវឌ្ឍន៍រុនតាឯកជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់មកតាំងទីលំនៅថ្មី អនុវត្តដោយក្រុមការងាររបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា សម្រេចបានទំហំ ២៩៩,៧០ហិកតា។ ក្រុមការងារបានបោះបង្គោលព្រំដី និងស្លាកដីឡូត៍បានចំនួន ១ ៤២៧ ឡូត៍។

៥៖ ការស្ថាបនាផ្លូវគ្រួសក្រហមដោយកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប ក្នុងភូមិធម្មជាតិរុនតាឯក ក្នុងតំបន់ទី១ និងតំបន់ទី២ សម្រេចបានចំនួន ៤០ខ្សែ ប្រវែង ៩ ៩០០ម៉ែត្រ ស្មើ ៥៨,៦២% នៃប្រវែងសរុប ១៦ ៨៨៧ ម៉ែត្រ។

៦៖ ការបង្ហោះដ្រូនថតរូបភាពពីលើអាកាស និងផលិតផែនទីរូបថតតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរលើផ្ទៃដីទំហំ ៤០ ១១៨ ហិកតា។

៧៖ ក្រុមការងារបាន និងកំពុងសិក្សាគម្រោងប្លង់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដោយបន្ថែមនូវផ្សារ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទឹក អគ្គិសនី សេវាទូរស័ព្ទ និងសេវាអ៊ិនធើណែត ដើម្បីសម្រួលដល់ជីវភាព
រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕