(ភ្នំពេញ)៖ ដោយមានការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងសង្ស័យបង្កប់ល្បែងស៊ីសងមួយកន្លែង ស្ថិតនៅក្នុងអាគារស្នាក់នៅរួមជាន់ទី១៩-២០ ផ្លូវ៦៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រតិបត្តិការនេះមានការចូលរួមពីលោក សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ, លោក ជា ខេមា អភិបាលខណ្ឌដូនពេញ, លោក ទៀង ច័ន្ទ សារ អធិការនគរបាលខណ្ឌដូនពេញ លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរជអាវុធហត្ថខណ្ឌដូនពេញ និងមានការសហការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។

លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ពេលចុះដល់ទីតាំងក្រុមការងារបានឃេីញថា អ្នកគ្រប់គ្រងទីតាំង និងបុគ្គលិកជនជាតិចិន អ្នកបកប្រែភាសាបានរៀបចំវេចខ្ចប់សម្ភារ ដែលសង្ស័យប្រព្រឹត្តិល្បែងសុីសងខុសច្បាប់រួចរាល់ អស់ហើយព្រមទាំងបានសហការជាមួយអាជ្ញាធរថែមទៀតផង។

ក្រុមការងារចម្រុះបានសម្រេចអនុញ្ញាតឲ្យអ្នកគ្រប់គ្រងប្រមូលសម្ភារទាំងនោះ ចេញពីទីតាំងឲ្យអស់ និងបានធ្វើការណែនាំដល់អ្នកគ្រប់គ្រងដូចខាងក្រោម៖

*ទី១៖ ហាមប្រព្រឹត្តិល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ
*ទី២៖ ហាមជួញដូរ ឬប្រេីប្រាស់គ្រឿងញៀនជាដាច់ខាត
*ទី៣៖ ត្រូវចូលរួមសហការឲ្យបានល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់
*ទី៤៖ ក្នុងករណីមិនអនុវត្តតាមខ្លឹមសារខាងលេី ម្ចាស់ទីតាំងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕