(កណ្ដាល)៖ លោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្ដល អនុប្រធានក្រុមការងារខេត្តកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុក ឃុំ ទូទាំងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

លោក ហ៉ីង ប៊ុនហៀង បានលើកឡើងថា ទោះបីគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះទាំងស្រុងទទួលបានអាសនៈ១២៥ ក្នុងរដ្ឋសភាក្នុងការជ្រើសតាំងតំណាងរាស្ត្រនេះនីតិកាលទី៦ កន្លងមកក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជានៅតែបន្តខិតខំប្រឹងប្រែងដូចភ្លៀងរលឹម បន្តការចុះជួយអភិវឌ្ឍន៍តាមមូលដ្ឋាន និងបម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋ បានបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាកន្លងមក។

ក្នុងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក ហ៉ីង ប៊ុនហៀង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ និងដឹងគុណចំពោះប្រជាពលរដ្ឋ និងក្រុមការងារចុះជួយស្រុកទាំងអស់ បានបំពេញការងារបានល្អជូនបក្ស និងបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលប់ ធ្វើឲ្យគណបក្សបានទទួលជ័យជំនះយ៉ាងត្រចះត្រចង់។

ជ័យជំនះនេះបានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋកម្ពុជាមានការជឿជាក់យ៉ាងមុខមាំលើការដឹងនាំរបស់គណបក្សប្រជាជនកម្ពុជា ដែរជាគណបក្សតែមួយគត់បានរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ក្នុងរយៈពេលជិត៤០ឆ្នាំកន្លងមកនេះ ជាគណបក្សដែលបានសម្រេចសមិទ្ធផលយ៉ាងធំធេងជាប្រវត្តិសាស្ត្រជូនជាតិ និងជាគណបក្សមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសជាតិ ឲ្យសម្រេចបានជោគជ័យធំៗជាបន្តទៀត។

លោក ហ៉ីង ប៊ុនហៀង បានបញ្ជាក់ថា លទ្ធផលដែលទទួលបាន គឺជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយ និងកម្មវិធីកំណែទម្រង់ដោយផ្ដល់លើ បណ្ដាវិស័យសំខាន់ៗមួយចំនួន ជាអាទិភាពដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋទទួលបានសមាណចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជា៕