(ភ្នំពេញ)៖ គណៈប្រតិភូដឹកនាំដោយ លោក ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តី អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២២ សហការរៀបចំឡើងដោយ រដ្ឋាភិបាលអូស្រ្តាលី និងអង្គការសហប្រជាជាតិ ទទួលបន្ទុកការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR)។

សន្និសីទនេះ ធ្វើឡើងក្រោមមូលបទ «ពីវិបត្តិទៅកាន់ភាពធន់៖ ការផ្លាស់ប្តូរអនាគតនៃតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ» ដែលប្រព្រឹត្តិទៅនៅទីក្រុងប្រ៊ីសបែន ប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃទី១៩-២២ ខែកញ្ញា ឆ្នាំ២០២២។

ប្រតិភូដែលអញ្ជើមកចូលរួមក្នុងអង្គសន្និសីទនេះ មានប្រមាណជាង៣,០០០នាក់ ដែលអញ្ចើញមកពី៣៩ប្រទេស ក្នុងនោះមានប្រតិភូថ្នាក់រដ្ឋមន្រ្តីមានចំនួន៣១រូប និងតំណាង អាស៊ាន, កិច្ចសហប្រតិបត្តិការតំបន់អាស៊ីខាងត្បូង, ធនាគារពិភពលោក, ធនាគារអភិវឌ្ឍន៍អាស៊ី, កោះតំបន់អាស៊ីប៉ាស៊ីហ្វិក, វិស័យឯកជន, យុវជន និងរដ្ឋបាលមូលដ្ឋាន។

រដ្ឋមន្រ្តីប្រធានប្រតិភូ និងតំណាងអាស៊ាន, កិច្ចសហប្រតិបត្តិការតំបន់អាស៊ីខាងត្បូង, ធនាគារពិភពលោក, ធនាគារអភិវឌ្ឍន៍អាស៊ី, កោះតំបន់អាស៊ីប៉ាស៊ីហ្វិក, វិស័យឯកជន, យុវជន និងរដ្ឋបាលមូលដ្ឋាន ត្រូវបានអញ្ជើញឲ្យចូលរួមថ្លែងបទអន្តរាគមន៍ នៅឯវេទិកាថ្នាក់រដ្ឋមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្តោតលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅតាមប្រទេសនីមួយៗ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេស៖

* ការចែករំលែកមេរៀន អំពីដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងភាពជាក់ស្តែង ដើម្បីកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយនៅទូទាំងតំបន់
* ការពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារ និងកាត់បន្ថយហានិភ័យដែលមានស្រាប់ និងថ្មី នៅតាមរបស់ប្រទេស និងអង្គការនីមួយៗ
* ការប្តេជ្ញាចិត្ត ក្នុងការអនុវត្តសកម្មភាព ក្របខណ្ឌការងារសេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៥-២០៣០៕