(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី ឡុញ កុសល មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ ដែលមានជំងឺរលាកក្បាលឆ្អឹងផាលត្រគាកទាំងសងខាងធ្ងន់ធ្ងរ បានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា (179) ហើយត្រូវការអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីធ្វើការវះកាត់ជាបន្ទាន់។

គ្រាន់តែទទួលបានព័ត៌មាននេះភ្លាម លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៥នាក់ ដែលបានស្ម័គ្រចិត្តទៅចូលរួមបរិច្ចាគឈាម ជួយដល់លោកវរសេនីយ៍ត្រី ឡុញ កុសល ភ្លាមៗផងដែរ។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏សូមថ្លែងអំណរគុណ និងមានការកោតសរសើរយ៉ាងខ្លាំង ដល់មន្ទីរពេទ្យព្រះកេតុមាលា (179) ដែលបានមើលថែព្យាបាលដល់ លោកវរសេនីយ៍ត្រី ឡុញ កុសល ដែលជាមន្ត្រីក្រោមឱវាទ ដោយក្តីអនុគ្រោះ និងយកចិត្តទុកដាក់បំផុតកន្លងមកនេះ៕