(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្ញើសារចូលរួមរំលែក មរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនលោកជំទាវ ឡាញ់ ដារ៉ា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ជៀប ស៊ីវន សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និងជាតំណាងរាស្ត្រ មណ្ឌល ភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២១:២០នាទី ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។

នៅក្នុងសារលិខិតរំលែកទុក្ខរបស់លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា បានបញ្ជាក់ដូចនេះថា «យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឳពុក ឳពុកក្មេក និងជីតាជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្ដោសប្រណីដ៏ថ្លៃថ្លា»

លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា បានបន្ថែមថា ការបាត់បង់ឯកឧត្តម ជៀប ស៊ីវន គឺជាការបាត់បង់នូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូបដែលមានស្នាដៃ និងបទពិសោធន៍ចូលរួមកសាង និងការពារជាតិប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ជាពិសេសឯកឧត្តម ជៀប ស៊ីវន បានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែករំដោះជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងកសាងប្រទេសជាតិឡើងវិញ រហូតទទួលបានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។

លោកកិត្តិនីតិកោសលបណ្ឌិត សូមគោរពនូវគំរូវីរភាពដ៏ល្អឧត្តង្គឧត្តមរបស់ ឯកឧត្តម ជៀប ស៊ីវន និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកស្ដាយ អាឡោះអាល័យបំផុត ជាមួយក្រុមគ្រួសារ នៃសព និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ ថែរក្សាដល់ដួងវិញ្ញា ណក្ខន្ធ ឯកឧត្តម ជៀប ស៊ីវន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕