(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកការបង្ក្រាបបទល្មើសល្បែងស៉ីសង សរុប៦៣ករណី ឃាត់ខ្លួនមនុស្សចំនួន១១៥នាក់ នៅតាមខណ្ឌក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រឹមរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៧-២០ ខែកញ្ញានេះ។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបញ្ជាក់មកកាន់ Fresh News នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការ និងបានបង្កើតក្រុមការងារ ដេីម្បីធ្វើការបង្ក្រាប ការបើកលេងល្បែនស៊ីសងខុសច្បាប់។

លោកបានអះអាងថា ក្នុងករណីដែលបង្ក្រាបបានកន្លងមកនេះ រួមមាន ឆ្នោតវៀតណាម ចំនួន៣៥ករណី, ម៉ាស៉ីនហ្គេមអនឡាញ ចំនួន៤ករណី, កន្លែងលេងបៀ ចំនួន៣ករណី, ល្បែងភ្នាល់អនឡាញ ចំនួន១០ករណី, ឆ្នោតឡូតូ ចំនួន៧ករណី និងទីតាំងបញ្ចាំ ចំនួន៤ករណី។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ ប្រសិនបើអភិបាលរាជធានី/ខេត្ត អភិបាលក្រុង/ស្រុក/ខណ្ឌរូបណាមិនទទួលខុសត្រូវលើតួនាទី បណ្តោយឲ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន សម្ដេចតេជោមិនស្ទាក់ស្ទើរក្នុងការដកចេញពីមុខតំណែងនោះឡើយ៕