(កំពង់ធំ)៖ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានចាប់ផ្ដើមសហការជាមួយអង្គការវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) ដើម្បីកំណត់បញ្ហាផ្សេងៗដែលបានកើតឡើងនៅតាមសហគមន៍មូលដ្ឋាន និងធ្វើផែនការ ដោះស្រាយ ឆ្លើយតបជាវិជ្ជមានទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់នៅសហគមន៍។

តាមរយៈកិច្ចប្រជុំរវាងស្រុកប្រាសាទសំបូរ និងអង្គការវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក កុច ស៊ុនហូរ ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទសំបូរ បានលើកឡើងថា មន្ត្រីត្រូវសហការជាមួយសហគមន៍ក្នុងការរកបញ្ហាប្រឈមដើម្បីរួមគ្នាធ្វើការដោះស្រាយ។

លោក ឈើយ ប៊ុនទ្រីម តំណាងអង្គការវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ បានលើកឡើងថា អង្គការវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) មានគោលបំណងកំណត់បាននូវបញ្ហាផ្សេងៗដែលបានកើតឡើងនៅតាមសហគមន៍មូលដ្ឋាន និងធ្វើផែនការ ដោះស្រាយ ឆ្លើយតបជាវិជ្ជមានទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់នៅសហគមន៍។

ជាមួយគ្នានេះ លោក កុច ស៊ុនហូរ បានសង្កត់ធ្ងន់ថា អាជ្ញាធរត្រូវតែចូលរួមសហការជាមួយសហគមន៍ ដើម្បីដោះស្រាយ និងអភិវឌ្ឍនមូលដ្ឋានរបស់ខ្លួនក្នុងការអនុវត្តរាល់ការលំបាកនិងបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងការរួមគ្នាដោះស្រាយ ជាពិសេសក្នុងការផ្តល់សេវាសាធារណៈជូនពលរដ្ឋ ក្នុងភូមិសាស្ត្រក្នុងសហគមន៍ឱ្យបានទាន់ពេលវេលា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់នៅថ្នាក់មូលដ្ឋានដើម្បីគាំទ្រ និងពង្រឹងសមត្ថភាពជាអ្នកដឹកនាំ ពិភាក្សាពីកង្វល់ និងបញ្ហាក្នុងសហគមន៍ ព្រមទាំងស្វែងរក ដំណោះស្រាយជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងទទួលបានប្រសិទ្ធភាពខ្ពស់។

អង្កការវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) បានកំពុងអនុវត្តគម្រោងសំឡេងនិងសកម្មភាពរបស់ប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា ក្រោមជំនួយឧបត្ថម្ភគំទ្រថវិកាពីព្រះវិហារជំនួយដាណឺម៉ាក (DCA) និងប្រេតហ្វរដឺវើលដ៍ (BFDW) បានខិតខំប្រឹងប្រែងប្រកបដោយសម្រេចគោលបំណងរួមក្នុងការបំពេញសិទ្ធិ និងលើកកម្ពស់សំឡេងរបស់ប្រជាពលរដ្ឋដើម្បីធ្វើឱ្យការអភិវឌ្ឍប្រទេសកាន់តែមាននិរន្តរភាព៕