(ភ្នំពេញ)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្ញើសារចូលរួមរំលែក មរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនលោកជំទាវ ឡាញ់ ដារ៉ា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ជៀប ស៉ីវន សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និងជាតំណាងរាស្ត្រ មណ្ឌលភ្នំពេញ។

នៅក្នុងលិខិតរំលែកទុក្ខ បានបញ្ជាក់យ៉ាងដូច្នេះថា «តាងនាមក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់មានក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម ជៀប ស៉ីវនតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាន នីតិកាលទី ៦ នៃរដ្ឋសភា ត្រូវជាស្វាមីរបស់ លោកជំទាវ បានទទួលមរណភាពកាលពីថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩៖២០នាទីយប់ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ»

មរណភាពរបស់ ឯកឧត្តម ជៀប ស៉ីវន គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រលាញ់ និងប្រកបដោយព្រហ្មវិហារធម៌ ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំ បុត្រា បុត្រី ចៅប្រុស ចៅស្រីឲ្យក្លាយជាបញ្ញាវ័ន និងជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ។ ការបាត់បង់ ឯកឧត្តម ជៀប ស៉ីវន ក៏ជាបាត់បង់នូវឥស្សរជនមួយរូប ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី រួមចំណែកយ៉ាងសកម្មក្នុងកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន របស់រដ្ឋសភា ឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់កន្លងមក និងបានបន្សល់ទុកនូវស្នាដៃធំៗជាច្រើនក្នុងការពង្រឹងស្ថាប័នរដ្ឋសភាឱ្យមានរីកចម្រើនជារៀងរហូតមក។

ក្នុងវេលាប្រកបដោយក្តីក្តុកក្តួលរំជួលចិត្ត សោកសង្រេងស្ទើររកទីបំផុតគ្មាននេះ ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ នៃសពដោយសេចក្តីសង្វេគជាទីបំផុត និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ជៀប ស៉ីវន បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកជំទាវ និងក្រុមគ្រួសារនៃសពទទួលនូវការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមកំបំផុតនេះ និងដោយសេចក្តីស្រលាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕