(សៀមរាប)៖ លោក លី សំរិទ្ឋ អភិបាលរងខេត្តតំណាង លោក ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជការឯកភាពរដ្ឋបាលខេត្ត ពិភាក្សាអំពីល្បែងស៉ីសងខុសច្បាប់ និងការត្រៀមបង្ការសង្គ្រោះក្នុងគ្រោះមហន្តរាយនានា។

កិច្ចប្រជុំដែលត្រូវបានរៀបចំឡើង នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មានគោលបំណងពិភាក្សាការងារទៅលើរបៀបវារ:សំខាន់ៗចំនួន៣ រួមមាន៖

*១៖ បទបញ្ជាការបង្ក្រាបបទល្មើសល្បែងស៉ីសងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្ត,
*២៖ ការត្រៀមបង្ការ ការតាមដាន និងវិធានការឆ្លើយតបពាក់ព័ន្ឋនឹងការគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្ត
*និង៣៖ ស្តាប់របាយការណ៍របស់ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និង បញ្ហាផ្សេងៗ និងសំណូមពរមួយចំនួនដើម្បីមានវិធានការនិងដំណោះស្រាយ។

លោក លី សំរិទ្ឋ បានវាយតម្លៃខ្ពស់ចំពោះលទ្ឋផលការងារកន្លងមកដែលគ្រប់ជំនាញ គ្រប់ផ្នែកវិស័យបានខិតខំប្រឹងប្រែងអនុភាពបានល្អប្រសើរទៅតាមតួនាទីភារកិច្ចរបស់ខ្លួន។ ទន្ទឹមនឹងនោះ លោកអភិបាលរង ក៏បានជំរុញដល់អភិបាលក្រុង/ស្រុក អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចគ្រប់ពាក់ព័ន្ឋសហការតាមដាន បង្ក្រាបការលេងល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ដាច់ខាតត្រូវតែបង្ក្រាប ឲ្យអស់ពីមូលដ្ឋាន បូករួមទាំងការជួញដូរមនុស្ស ការសម្អាតលុយកខ្វក់ និងបទល្មើសគ្រឿងញៀន ដែលកើតមាន ត្រូវបង្ក្រាបឲ្យគ្រប់ជ្រុងជ្រោយ។

កិច្ចប្រជុំនេះ គឺដើមី្បកិច្ចប្រតិបត្តិការសម្រាប់ជាមូលដ្ឋាន ក្នុងការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដើមី្បរក្សានូវស្ថិរភាព សន្តិសុខសង្គម ឲ្យបានល្អប្រសើរ ក្នុងការរៀបចំផែនការអនុវត្តបទបញ្ជាក្នុងការបង្ក្រាបបទល្មើសល្បែងស៉ីសងគ្រប់ប្រភេទ នៅទូទាំងប្រទេស។ លោកក៏បានលើកផងដែរថា រាល់ល្បែងស៉ីសងខ្លះមានការចាត់តាំង ខ្លះគ្មានការចាត់តាំង ព្រមទាំងមានការពាក់ព័ន្ធទៅនឹងសមត្ថកិច្ចមួយចំនួនទៀតផង។

បន្ថែមពីនេះ សមត្ថកិច្ចជំនាញ ត្រូវកំណត់ទីតាំង ដែលធ្លាប់ធ្វើអាជីវកម្មល្បែងស៉ីសងខុសច្បាប់ ត្រូវបន្តធ្វើកិច្ចសន្យាឲ្យម្ចាស់ទីតាំងទាំងនោះ ទទួលខុសត្រូវ ចំពោះ មុខអាជ្ញាធរ ដោយធានាថា មិនឲ្យមានការលេងល្បែងស៉ីសងខុសច្បាប់ បន្តទៀតនោះឡើយ។

លោកបានលើកផងដែរថា «សេចក្តីសម្រេចក្នុងការបង្ក្រាបល្បែងស៉ីសងគ្រប់ប្រភេទ មានកាលពីក្នុងឆ្នាំ១៩៩៦មកម្លេះ ព្រមទាំងកំណត់និងបែងចែកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ នៅតាមក្រុង ស្រុករួចជាស្រេចហើយដែរ ជាមួយគ្នានោះ យើងក៏មានគោលនយោបាយភូមិឃុំ មានសុវត្ថិភាពផងដែរ។ ដូច្នេះអ្វីដែលត្រូវការចំពោះមុខនោះ គឺការអនុវត្តលើការបង្ក្រាបល្បែងស៉ីសង ដែលតែងកើតមានឡើងនៅតាមមូលដ្ឋានភូមិ ឃុំ»។

ក្នុងនោះលោកក៏បានលើកផងដែរ អំពីល្បែងស៉ីសងនៅតាមប្រព័ន្ធអ៉ីនធើណេត ដែលធ្វើឲ្យមានការស្មុកស្មាញដល់សមត្ថកិច្ច ក្នុងការបង្ក្រាបបទល្មើសនេះ។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារសម្លេងពិសេស ដោយបានអំពាវនាវ ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធានការ បង្ក្រាបល្បែងស៉ីសងខុសច្បាប់ នៅទូទាំងប្រទេស៕