(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនបានយល់ច្បាស់ពីកាតព្វកិច្ចម្ចាស់ក្រុមហ៊ុន សូមកុំឈរឈ្មោះតំណាងក្រុមហ៊ុនជំនួស បើសិនជាមានគេជួស ព្រោះថាអាចនឹងជាប់ទោសទណ្ឌ នៅពេលដែលក្រុមហ៊ុននោះព្យាយាមគេចវេះមិនបានបង់ពន្ធចូលរដ្ឋ។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីពេលថ្មីៗកន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ បានរកឃើញក្រុមហ៊ុន ដែលបានជួលកម្មករម្នាក់ ឲ្យឈរឈ្មោះជាម្ចាស់ក្រុមហ៊ុនជំនួស ដោយធ្វើការកាត់កងនូវការចំណាញផ្សេងៗ ដើម្បីយកផលចំណេញពីការកឹបកេងប្រាក់ពន្ធពីរដ្ឋយ៉ាងច្រើន។

ថ្លែងក្នុងកម្មវិធី «ពន្ធដារកម្ពុជា» កម្មវិធីផ្សាយផ្ទាល់ពិសេស ប្រធានបទ ស្តីពី «ការយល់ដឹងអំពីពន្ធដារ» នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវ ដល់បងប្អូនយើងទាំងអស់ ប្រសិនជាមានគេជួល ឬក៏គេមកសុំឲ្យឈរឈ្មោះក្រុមហ៊ុន សុំពិចារណាឲ្យបានមែនទែន ពីព្រោះក្រុមហ៊ុនខ្លះ គាត់យកកម្មករដែលជាអ្នកសំអាត នៅក្នុងអាជីវកម្មយកមកឈរឈ្មោះ ដើម្បីយកផលចំណេញ ក្នុងការកឹបកេងប្រាក់ពន្ធពីរដ្ឋ»។

លោក គង់ វិបុល បានគូសបញ្ជាក់ថា បងប្អូនដែលឈរឈ្មោះតំណាងក្រុមហ៊ុនឲ្យគេ គឺអាចរងទោសទណ្ឌ ដោយទីមួយ៖ បានប្រព្រឹត្តនូវអំពើរាំងស្ទះ ដែលនៅក្នុងមាត្រានៃពន្ធដារ គឺជាប់ទោស និងទី២៖ ការក្លែងបន្លំឯកសារជាសាធារណៈ ដោយយើងមិនមែនជាម្ចាស់ក្រុមហ៊ុនមែនទែនផង តែយើងមកក្លែងបន្លំថា ជាម្ចាស់ក្រុមហ៊ុន ហើយមកឈរឈ្មោះឲ្យគេ ដើម្បីបើកផ្លូវឲ្យគេគេចវេះពន្ធ។

ទន្ទឹមគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានស្នើឲ្យសាធារណជនក៏ដូចជាបងប្អូនកម្មករ-កម្មការិនី ឬក៏បុគ្គលិកនិយោជិតទាំងអស់ សូមកុំឲ្យមានបញ្ហា នៃរឿងឈរឈ្មោះតំណាងក្រុមហ៊ុនឲ្យគេនេះ បន្ដកើតមានទៀតផងដែរ។

បន្ថែមពីនោះទៀត លោក គង់ វិបុល ក៏បានឲ្យដឹងផងដែរថា កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ មានក្រុមប្រតិបត្តិការពិសេសមួយ សម្រាប់បង្ក្រាបអ្នកដែលគេចវេះពន្ធធ្ងន់ធ្ងរនេះ គឺមានដល់រាប់សិបលានដុល្លារ ហើយអគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជូនករណីនេះ ទៅតុលាការរួចអស់ហើយដែរ៕