(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានដាក់ចេញការណែនាំចំនួនដល់មន្រ្តីនគរបាល ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ដើម្បីធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា សំដៅរក្សាឲ្យបានគត់មត់នូវសន្តិសុខជាតិ សណ្តាប់ធ្នាប់របៀបរៀបរយសង្គម ក្នុងចរន្តនៃសាកលភាវូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលមានការវិវត្តន៍ទៅមុខជារៀងរាល់ថ្ងៃនោះ។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី៦ ចំនួន២៥៧នាក់ ក្រោយពីពួកគេបានសិក្សាអស់រយៈពេលបួនខែ នៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវមតិមួយចំនួនក្នុងទិសដៅនៃការកសាងសមត្ថភាព និងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់កងកម្លាំងនគរបាលជាតិ ដូចខាងក្រោម៖

*ទី១៖ ជាគោលការណ៍យើងត្រូវបន្តខិតខំពង្រឹងនគរបាលជាតិគ្រប់ថ្នាក់គ្រប់ផ្នែក ដែលជាកម្លាំងអនុវត្តច្បាប់ឲ្យមានជំនាញវិជ្ជាជីវៈខ្ពស់ ជាមួយការគោរពឲ្យបានត្រឹមត្រូវនូវច្បាប់របស់រដ្ឋ
លើកកម្ពស់ការគោរពសិទ្ធិមនុស្ស ការគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដោយត្រូវគោរពឲ្យម៉ឺងម៉ាត់នូវក្រមសីលធម៌វិជ្ជាជីវៈ ត្រូវមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈរបស់ខ្លួន ត្រូវប្រកាន់ខ្ជាប់នូវវិន័យសេចក្ដីថ្លៃថ្នូរ និងភាពស្អាតស្អំក្នុងការបម្រើប្រជាពលរដ្ឋដោយស្មើភាព ហើយត្រូវខិតខំពុះពាររួមគា្ន ក្នុងការលុបបំបាត់នូវបាតុភាពអសកម្មផ្សេងៗ ក្នុងជួរនគរបាលជាតិដើម្បីថែរក្សា និងលើកកម្ពស់ជាប្រចាំនូវជំនឿរបស់ប្រជាពលរដ្ឋមកលើកម្លាំងនគរបាលជាតិ សំដៅធានាឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសង្គមប្រកបដោយភាពសក្ដិសិទ្ធ។

*ទី២៖ ទន្ទឹមនឹងការជំរុញអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដើម្បីពង្រឹងឲ្យបានកាន់តែរឹងមាំថែមទៀតនូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងគោរពច្បាប់
សំដៅជំរុញឲ្យបានខ្លាំងក្លា នូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពរយៈពេលវែងជាបន្តទៀត និងដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងសង្គមទាំងមូល រាជរដ្ឋាភិបាលបាន នឹងកំពុងអនុវត្តនូវយុទ្ធនាការព្រមៗគ្នាទូទាំងប្រទេស ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស រួមមានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ សកម្មភាពលួច ឆក់ ប្លន់ ពិសេសអំពើប្លន់ប្រដាប់អាវុធ និងការប្រើប្រាស់អាវុធខុសច្បាប់ ការបង្ក្រាបបទល្មើសព្រៃឈើនិងធនធាន ធម្មជាតិ បទល្មើសនេសាទនៅបឹងទន្លេសាប និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

*ទី៣៖ ត្រូវដាក់ចេញវិធានការបង្ការ ទប់ស្កាត់ជាមុន និងចាត់ចែងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពចំពោះហេតុការណ៍ដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសអំពើប្លន់ប្រដាប់អាវុធ ឃាតកម្ម អំពើហិង្សានានា ទំនាស់នៅក្នុងសង្គម ឬបាតុភាពបង្កឲ្យបាត់សណ្តាប់ធ្នាប់សាធារណៈ និងរាល់បទល្មើសទាំងឡាយ ទោះក្រោមរូបភាពណាក៏ដោយ ត្រូវខិតខំស្រាវជ្រាវរកឲ្យឃើញជនប្រព្រឹត្តដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ជាមួយនេះ យើងទាំងអស់គ្នាកុំភ្លេចខ្លួនឲ្យសោះ ត្រូវយកចិត្តដាក់រួមគ្នា ការពារទប់ស្កាត់ ពីជំងឺកូវីដ-១៩ផងដែរ ដោយអនុវត្តតាមវិធានសុខាភិបាលជាប់ជាប្រចាំ។

*ទី៤៖ បន្តខិតខំរៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យកាន់តែល្អប្រសើរស្របតាមការវិវត្តន៍រីកចម្រើនរបស់ប្រទេសជាតិ។ ក្នុងនោះបញ្ហាដែលត្រូវយកចិត្តទុកដាក់ សណ្ដាប់ធ្នាប់ចរាចរណ៍ដែលនៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ បណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ក្នុងចំណុចនេះ យើងទាំងអស់គ្នាត្រូវចូលរួមអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «ថ្ងៃនេះ និងថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរ» ឲ្យមានប្រសិទ្ធភាពខ្ពស់។

*ទី៥៖ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តភារកិច្ចខាងលើនេះ ត្រូវបន្តធ្វើការកែទម្រង់នគរបាលជាតិ ឲ្យបានស៊ីជម្រៅ ដោយខិតខំបង្កើនការបណ្តុះបណ្តាល កសាងសមត្ថភាពកងកម្លាំងនគរបាលជាតិនៅគ្រប់ថ្នាក់ ដើរទន្ទឹមនឹងការលើកកម្ពស់មនសិការវិជ្ជាជីវៈការគោរពវិន័យសីលធម៌ ដើម្បីលើកកម្ពស់គុណភាព សមត្ថភាពរបស់កងកម្លាំងនគរបាលជាតិទាំងមូល ក្នុងការផ្តល់សេវាសន្តិសុខជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែទូលំទូលាយ ប្រកបដោយភាពស្មោះស្ម័គ្ររាក់ទាក់គ្រប់ទីកន្លែង និងទាន់ពេលវេលា។

ទន្ទឹមនេះត្រូវរួមគ្នាធ្វើការប្តេជ្ញាចិត្តឲ្យបានមោះមុត ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ភាពអសកម្មនានាក្នុងជួរកងកម្លាំងនគរបាលជាតិ។

*ទី៦៖ ចំពោះការងារបណ្តុះបណ្តាល និងបំប៉នជំនាញដល់មន្ត្រីនគរបាលជាតិ សេនាធិការដ្ឋាន ត្រូវបន្តកិច្ចសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធនានាដើម្បីរៀបចំកម្មវិធីសិក្សា និងខ្លឹមសារបង្ហាត់បង្រៀនឲ្យស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗរបស់សង្គមជាតិ ក្នុងនោះមុខវិជ្ជាបច្ចេកទេសព័ត៌មានវិទ្យា ក៏ជាមុខវិជ្ជាសំខាន់មួយដែលត្រូវផ្តោតការយកចិត្តទុកដាក់បណ្តុះបណ្តាល និងបំប៉នដល់កងកម្លាំងនគរបាលជាតិ ដែលសំដៅធ្វើយ៉ាងណាឲ្យមន្ត្រីរបស់យើងមានការអភិវឌ្ឍលើជំនាញបច្ចេកទេសគួបផ្សំនឹងសីលធម៌ គុណធម៌ ការគោរពវិន័យ និងការទទួលខុសត្រូវខ្ពស់ ក្នុងការគោរពប្រតិបត្តិច្បាប់ គោរពសិទ្ធិមនុស្ស សក្តិសមជាអ្នកបម្រើប្រជាជន និងសង្គមជាតិដោយស្មោះត្រង់។

នៅក្នុងវគ្គសិក្សានេះផងដែរ ក៏មានសិក្ខាកាមមួយចំនួនដែលមកពីនាយកដ្ឋានព័ត៌មានវិទ្យា បានមកសិក្សានៅទីនេះ នឹងសង្ឃឹមយ៉ាងមុតមាំថារាល់មេរៀន បច្ចេកទេស ទ្រឹស្តី
ដែលបានសិក្សាកន្លងមក ហ្នឹងយកប្រើប្រាស់ឲ្យចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់៕