(ឧត្តរមានជ័យ)៖ អភិបាលស្រុកអន្លង់វែងថ្មី ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដោយតែងតាំងលោក ងួន ទ្ធិរិទ្ធ អតីតមេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង ជំនួសលោក ហោ ជិនវិរះយុទ្ធ អតីតអភិបាលស្រុកអន្លង់វែង ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តឧត្តរមានជ័យ។

ពិធីប្រកាសនេះស្ថិតក្រោមវត្តមានលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ខេត្ត ស្រុក មន្ត្រីរាជការតាមមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ មេឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលជាច្រើនរូបទៀត។

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានអបអរសាទរចំពោះលោក ងួន ទ្ធិរិទ្ធ ដែលត្រូវបានតែងតាំងជាអភិបាលស្រុកអន្លង់វែង។ លោកសង្ឃឹមជឿជាក់ថាលោកអភិបាលស្រុកថ្មី នឹងខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនតាមរយះចំណេះដឹងបទពិសោធន៍ដែលមានពីមុនមក ដើម្បីបន្តការដឹកនាំ គ្រប់គ្រង ស្រុកអន្លង់វែង ឱ្យមានការរីកចម្រើន និងទទួលបានសមិទ្ធិផលថ្មីៗថែមទៀត។

ជាមួយគ្នានេះ លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងណែនាំ និងដាក់បទបញ្ជាដល់លោកអភិបាលស្រុកដែលទើបតែងតាំងថ្មី ត្រូវលប់បំបាត់ល្បែងស៊ីសងឱ្យអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅថ្មីៗនេះ។

ដោយឡែកក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាល និងមេភូមិ ប្រជាការពារ ក៏ត្រូវត្រួតពិនិត្យមើលក្នុងមូលដ្ឋានរបស់ខ្លួន បើមានល្បែងស៊ីសងត្រូវបង្ក្រាបភ្លាម៕