(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានលើកឡើងថា ប្រទេសជាតិមានសន្តិភាព ជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានប្រសើរឡើង និងជួយឱ្យពលរដ្ឋធ្វើបុណ្យទានបានដោយពេញចិត្ត។

លោកបានលើកឡើងថា បច្ចុប្បន្នដោយសារប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព នយោបាយល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែបានខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានសេចក្តី សុខសុភមង្គល រីកចម្រើនទៅមុខទៀត ដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានប្រសើរឡើង ដូច្នេះហើយទើបពួកគាត់អាចមានលទ្ធភាព ធនធានគ្រប់គ្រាន់ក្នុងការធ្វើបុណ្យទានផ្សេងៗបាន។

ការលើកឡើងបែបនេះក្នុងឱកាសលោក និងមន្ត្រីរាជការអង្គភាពជុំវិញខេត្ត និងក្រុមការងារបានចូលរួមកាន់បិណ្ឌវេនទី១១ នៅមណ្ឌលវិបស្សនាធុរៈជ្រោយថ្ម នៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

លោកបញ្ជាក់ទៀតថា ការប្រារព្ធពិធីបុណ្យនេះ គឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរនិយមធ្វើតៗគ្នាតាំងពីបុរាណកាលដូច្នេះហើយប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាពុទ្ធសាសនិកជន គប្បីនាំគ្នាថែរក្សាពិធីបុណ្យ ដែលជាមរតកកេរដំណែលវប្បធម៌របស់ដូនតាខ្មែរឱ្យបានឋិតថេរគង់វង្ស តាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ឱ្យចេះទៅធ្វើបុណ្យទាននៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ ប៉ុន្តែយើងត្រូវចូលរួមអនុវត្តវិធានការ សុវត្ថិភាពអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺកូវីដ១៩ផងដែរ។

នៅក្នុងឱកាសពិធីកាន់បិណ្ឌនោះដែរ មន្រ្ដីរាជការ និងក្រុមការងារទាំងអស់ក៏បានរាប់បាត្របង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ហើយក៏បានឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ កសាងអភិវឌ្ឍជាតិ មាតុភូមិកម្ពុជា និងជនរងគ្រោះដោយភាពអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ផងដែរ៕