(ភ្នំពេញ)៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំពិធីជូនដំណើរនិស្សិតកម្ពុជាចំនួន១៩រូប ដែលបានអាហារូបករណ៍រដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំ២០២២។

ពិធីនេះបានធ្វើឡើងនៅក្រោមវត្តមានលោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោកបណ្ឌិត ង៉ូវ ប៉េងហ៊ុយ ប្រធានសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន នៅនិវេសដ្ឋានឯកអគ្គរាជទូតជប៉ុន។

ថ្លែងក្នុងឱកាសនោះដែរ ឯកអគ្គរាជទូតជប៉ុន បានឱ្យដឹងថា និស្សិតអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន៤ប្រភេទ គឺកម្មវិធីអ្នកដឹកនាំវ័យក្មេង (YLP) ថ្នាក់ក្រោយឧត្តមសិក្សា (RS) ថ្នាក់បណ្តុះបណ្តាលគ្រូបង្រៀន (TTS) និងកម្មវិធីអប់រំសិស្សភាសាជប៉ុន (JSS) មុនថ្ងៃចេញដំណើរ។ លោកក៏សូមសម្តែងនូវការអបអរសាទរចំពោះនិស្សិតទាំង១៩រូប ដែលបានជាប់អាហារូបករណ៍ ក្រោយឆ្លងកាត់ដំណាក់កាលប្រកួតប្រជែងជាបន្តបន្ទាប់យ៉ាងស្វិតស្វាញ។

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ក៏សូមឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណចំពោះក្រសួង និងស្ថាប័នពាក់ព័ន្ធ សម្រាប់កិច្ចសហប្រតិបត្តិការនានាតាំងពីដើមរហូតដល់ដំណាក់កាលចុងក្រោយជាស្ថាពរ។

ថ្លែងទៅកាន់និស្សិតអាហារូបករណ៍ដែលនឹងចាកចេញទៅកាន់ប្រទេសជប៉ុន ក្នុងរយៈពេលឆាប់ៗខាងមុខនេះ លោកសង្ឃឹមថា ក្មួយៗនិស្សិត នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពទាំងការសិក្សា និងសកម្មភាពនានាដែលក្មួយៗនឹងជាតំណាងប្រទេសកម្ពុជារបស់ខ្លួន។ ក្មួយៗនឹងទៅដល់ប្រទេសជប៉ុន ក្នុងរដូវដ៏អស្ចារ្យ។ ស្លឹកឈើនឹងប្រែក្លាយទិដ្ឋភាពគួរជាទីគយគន់បំផុត នៅពេលក្មួយៗទៅដល់ប្រទេសជប៉ុន ព្រមទាំងមានកម្មវិធីជាច្រើនដែលនឹងត្រូវប្រារព្ធឡើងនៅចុងឆ្នាំ និងដើមឆ្នាំក្រោយសម្រាប់ក្មួយៗអាចចូលរួមយ៉ាងរីករាយ។ កម្មវិធីដែលសំខាន់ជាងគេក្នុងចំណោមនោះគឺពិធីបុណ្យចូលឆ្នាំថ្មី ដូច្នេះ សូមក្មួយៗរីករាយនឹងវប្បធម៌ជប៉ុនដ៏គួរឱ្យកត់សម្គាល់នេះ ជាមួយមិត្តជនជាតិជប៉ុន និងបរទេសផ្សេងទៀតមកពីទូទាំងពិភពលោក ព្រមទាំងបង្កើតអនុស្សាវរីយ៍ដ៏គួរឱ្យចងចាំពេញមួយជីវិត។

ជាងនេះទៅទៀត លោកឯកអគ្គរាជទូត បានអបអរសាទរចំពោះអតីតនិស្សិតនៃកម្មវិធីអ្នកដឹកនាំវ័យក្មេង (YLP) ដែលបានចូលរួមក្នុងពិធីថ្ងៃនេះក្នុងនាមជាសិស្សច្បង ដែលបានវិលត្រលប់មកមាតុប្រទេសវិញក្រោយការបញ្ចប់ការសិក្សាកម្មវិធីអ្នកដឹកនាំវ័យក្មេងរយៈពេល១ឆ្នាំពេញ។

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានចោទជាសំណួរថា៖ «តើក្មួយៗមានបទពិសោធន៍ដូចម្តេចខ្លះពីការសិក្សានៅប្រទេសជប៉ុន? ខ្ញុំជឿជាក់ថា ក្មួយៗនិស្សិត ពិតជាបានជួបការលំបាក និងបញ្ហាប្រឈមនានាដោយសារតែឥទ្ធិពលកូវីដ១៩។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំប្រាកដថា បទពិសោធន៍នេះ នឹងនាំក្មួយៗឈានទៅរកការអភិវឌ្ឍក្នុងអាជីពការងាររៀងៗខ្លួន។ ខ្ញុំសង្ឃឹមថា ក្មួយៗនឹងប្រើប្រាស់ចំណេះដឹងដែលបានរៀននៅប្រទេសជប៉ុន ជាផលប្រយោជន៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ក្នុងវិស័យរៀងៗខ្លួននៅកម្ពុជា។ សូមចែករំលែកនូវបទពិសោធន៍របស់ក្មួយៗជាមួយនឹងសិស្សប្អូន ក្នុងពិធីថ្ងៃនេះផងដែរ»

ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០ និស្សិតកម្ពុជាប្រមាណជា១,៣៥០នាក់ បានសិក្សានៅប្រទេសជប៉ុន ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន។ យោងតាងតួលេខក្នុងឆ្នាំ២០២១ របស់ JASSO (ស្ថាប័នសម្របសម្រួលការសិក្សារបស់និស្សិតនៅជប៉ុន) ចំនួននិស្សិតកម្ពុជាកំពុងសិក្សានៅប្រទេសជប៉ុន រួមទាំងនិស្សិតបង់ថ្លៃ (ឯកជន) មានចំនួនប្រហែល៧៤០នាក់។ ទោះបីជា មិនអាចស្មានទុកជាមុនបានដោយសារកូវីដ១៩ ចំនួននេះ គឺច្រើនជាងនៅឆ្នាំ២០២០។ ដូច្នេះ ខ្ញុំរំពឹងទុកថា ចំនួនកើនឡើងនេះ បង្ហាញពីការចាប់អារម្មណ៍ខ្ពស់របស់និស្សិតកម្ពុជាចំពោះការសិក្សានៅប្រទេសជប៉ុន។

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានបញ្ជាក់ថា ឆ្នាំក្រោយ ជប៉ុន និងកម្ពុជានឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា ត្រូវបានពង្រឹងជាច្រើនឆ្នាំ ដែលត្រូវបានបង្កើតដោយប្រជាជន និងស្ថាប័ននៃប្រទេសទាំងពីរដែលដើរតួជាស្ពានមេត្រីភាព៕