(បាត់ដំបង)៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីយុទ្ធនាការអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចាត់ទុកការងារអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន ជាចលនាមួយយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងកាត់បន្ថយជនរងគ្រោះថ្នាក់ដោយសារមីន។

យុទ្ធនាការនេះ មានការចូលរួមពី លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង, អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីនឹករំលឹក និងសាកសួរសុខទុក្ខរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលបានចូលរួមក្នុងពិធីនេះ ថែមទាំងបញ្ជាក់ទៀតថា សម្តេចតេជោ តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងមិនចង់ឃើញប្រជាពលរដ្ឋណាមួយបន្តគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះបន្ថែមទៀតទេ ដែលមូលហេតុនៃការគ្រោះថ្នាក់នេះ គឹបណ្តាលមកពីការបែកបាក់សាមគ្គីភាពផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ បង្កឲ្យមានជម្លោះប្រដាប់អាវុធ និងទុក្ខវេទនាគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ។

លោកបន្តទៀតថា ឆ្នាំ១៩៩៨ គឺឆ្នាំនៃការបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃជាស្ថាពរនៅកម្ពុជា ក្រោមនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ជាស្ថាបនិកសន្តិភាព និងមានតម្លៃជាប្រវត្តិសាស្រ្តដ៏អស្ចារ្យ ដែលនេះជាមេរៀនជាប្រវត្តិសាស្រ្ត របស់កម្ពុជា និងបានជម្រុញឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តសាមគ្គីភាព ឯកភាព ស្រឡាញ់សន្តិភាព និងគាំទ្រការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងបានណែនាំឲ្យលោកគ្រូ-អ្នកគ្រូ ធ្វើការផ្សព្វផ្សាយ និងអប់រំដល់សិស្សានុសិស្សទាំងអស់ឲ្យយល់ពីគុណតម្លៃនៃគោលនយោបាយឈ្នះឈ្នះ និងបណ្តុះមនសិការស្នេហាជាតិ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា វិស័យសកម្មភាពមីនត្រូវបានចាត់ទុកជាការងារអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ហើយការងារអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន ត្រូវបានចាត់ទុកជាធាតុយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងកាត់បន្ថយជនរងគ្រោះថ្នាក់ដោយសារមីនផងដែរ។

ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម លោកទេសរដ្ឋមន្រ្តី បានពាំនាំនូវអនុសាសន៍ណែនាំ របស់សម្តេចតេជោ ជូនដល់អាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករ និងប្រជាពលរដ្ឋ ដូចខាងក្រោម៖

* ស្នើសុំប្រតិបត្តិករទាំងអស់ ត្រូវខិតខំឆ្លើយតបដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា នូវសំណូមពររបស់ប្រជាពលរដ្ឋ ដោយប្រមូលនិងកំទេចចោលគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម ដែលប្រជាពលរដ្ឋ បានរាយការណ៍។
* ស្នើសុំបងប្អូនប្រជាពលរដ្ឋ មិនត្រូវប្រថុយប្រថានចូលទៅ តំបន់ដែលមិនស្គាល់ទីតាំងភូមិសាស្រ្ត ច្បាស់លាស់ក្នុងបំណងណាមួយ ដូចជាប្រើប្រាស់ដី រុករកអនុផលព្រៃឈើ ធ្វើដំណើរឆ្លងកាត់ មិនត្រូវ ប៉ះពាល់គ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាដាច់ខាត។
* ស្នើអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ជួយធ្វើការអប់រំការអប់រំយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឲ្យបានទូលំទូលាយជាសាធារណៈប្រកបដោយប្រសិទ្ធភាព នៅក្នុង និងក្រៅសហគមន៍របស់ខ្លួន ដើម្បីចៀសវាងពីគ្រោះថ្នាក់ពីគ្រាប់ទាំងនោះជាយថាហេតុ។
* ស្នើនគរបាលប៉ុស្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅដល់ប្រជាពលរដ្ឋ តាមរយៈវេទិកានានា ជាពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំចាប់ពីឆ្នាំ១៩៩២ ដល់ខែសីហា ឆ្នាំ២០២២ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានផ្ទៃដីបោសសម្អាតរួចបានប្រមាណ ៩៦ គីឡូម៉ែត្រក្រឡា និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១៤ ៨០៧ គ្រាប់ មីនតោនចំនួន ៦៩៩គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៥០២៣០គ្រាប់។ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ ស្រុករតនមណ្ឌល មានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ២នាក់ ដោយសារការកាប់ឈើ៕