(ភ្នំពេញ)៖ លោក គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន បានគូសរំលេចនូវបុព្វហេតុមួយចំនួននៃការរួមចំណែក របស់ជប៉ុនក្នុងការស្វះស្វែងរកសុខសន្តិភាពកាលពី៣០ឆ្នាំមុន ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានដកស្រង់សម្តីលោក គីស៊ីដា មកផ្សព្វផ្សាយយ៉ាងដូច្នេះថា «ប្រទេសជប៉ុន ក៏បានចូលរួមចំណែករយៈពេលវែងនៅក្នុងវិស័យកសាងសន្តិភាពផងដែរ។ ជាដំបូង ប្រទេសជប៉ុន បានចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពពេញលេញនៅកម្ពុជាក្នុងឆ្នាំ១៩៩២។ ៣០ឆ្នាំក្រោយមក កងទ័ពមួកខៀវរបស់កម្ពុជាជាច្រើននាក់ កំពុងការពារសន្តិភាព និងអនាគតនៃទីកន្លែងនានា ដូចជាប្រទេសម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងលីបង់ជាដើម»។

បើយោងតាមការផ្សព្វផ្សាយរបស់ស្ថានទូតជប៉ុន បានឱ្យដឹងទៀតថា ក្នុងសុន្ទរថានៅមហាសន្និបាតអង្គការសហប្រជាជាតិនោះ លោកនាយករដ្ឋមន្ត្រីជប៉ុន បានគូសរំលេចថា លោកវរសេនីយ៍ទោ ទាវ ច័ន្ទរិទ្ធី [បច្ចុប្បន្នមានឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី] ជាបុគ្គលិករក្សាសន្តិភាពមួយរូបក្នុងចំណោម បុគ្គលិករក្សាសន្តិភាព ដែលត្រូវបានបញ្ជូនទៅប្រទេសលីបង់ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលជំនាញរក្សាសន្តិភាពពីប្រទេសជប៉ុន។ ចាប់តាំងពីពេលនោះមក លោក គឺជាអ្នកកសាងសន្តិភាពដ៏សកម្មមួយរូប ដោយជួយបង្ហាត់បង្រៀនអ្នកជំនាន់ក្រោយ នៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញរក្សាសន្តិភាពសម្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជា។

លោក គីស៊ីដា បានសង្កត់ធ្ងន់ថា «ពន្លឺសន្តិភាពដែលត្រូវបានបង្កើតឡើងតាមរយៈការរួមចំណែក របស់ជប៉ុនក្នុងប្រតិបត្តិការរក្សាសន្តិភាព នឹងបន្តពីជំនាន់មួយទៅជំនាន់មួយ និងពង្រីកវិសាលភាពដល់ប្រទេសផ្សេងៗ។ ជប៉ុនបន្តគាំទ្រសកម្មភាពនេះ»។

សូមបញ្ជាក់ថា ឆ្នាំ២០២២នេះ គឺជាខួប ៣០ឆ្នាំហើយ ដែលជប៉ុន បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចូលមកបំពេញបេសកកម្មស្វែងរកសន្តិភាពនៅកម្ពុជា។ នោះក៏ជាពេលវេលាដែលជប៉ុន បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពលើកដំបូងចេញក្រៅប្រទេសផងដែរ។

ក្នុងបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ពលរដ្ឋជប៉ុនពីររូប បានពលីជីវិត។ ប្រជាពលរដ្ឋខ្មែរ បានចងចាំជាប់ជានិច្ចចំពោះការចូលរួមចំណែករបស់ជប៉ុនក្នុងការស្វះស្វែងរកសុខសន្តិភាពនៅកម្ពុជា។ នៅឆ្នាំនេះ កម្ពុជា និងជប៉ុន បានរៀបចំកម្មវិធីជាច្រើន ដើម្បីរំលឹកដល់ចំណងអនុស្សាវរីយ៍ពីអតីតកាលដ៏មានអត្ថន័យមួយនេះ៕