(បាត់ដំបង)៖ កម្ពុជា-ថៃ បានឯកភាពគ្នាសម្រួលដល់ការបញ្ជូនអ្នកជំងឺសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជាមុន ទើបរត់ឯកសារបញ្ជាក់តាមក្រោយ។

ការឯកភាពគ្នានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្តបាត់ដំបង និងខេត្តស្រះកែវ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដែលភាគីកម្ពុជា ដឹកនាំដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក បរិញ្ញា ភោធិស័ត្យ អភិបាលខេត្តស្រះកែវ។

បន្ទាប់ពីភាគីទាំងពីរបានពិភាក្សាគ្នារួចមក ក៏បានឯកភាពគ្នាលើខ្លឹមសារ និងបានចុះហត្ថលេខាលើកំណត់ហេតុរួមកិច្ចប្រជុំ ដែលមានដូចខាងក្រោម៖

* ជំរុញឲ្យមានកិច្ចប្រជុំរវាងមន្រ្ដីរដ្ឋបាល និងមន្រ្ដីកងកម្លាំងនៅតាមបរិវេណព្រំដែនប្រទេសទាំងពីរ ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព និងដោះស្រាយបញ្ហារួមគ្នា

* ចូលរួមទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ដោយមន្រ្ដីសមត្ថកិច្ចទាំងពីរត្រូវឈរលើមូលដ្ឋាន នៃការគោលការណ៍មនុស្សធម៌

* កំណត់យកច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន ខេត្តបាត់ដំបង និងច្រកទ្វារព្រំដែនអន្តរជាតិបានខៅឌិន ស្រុកខ្លងហាត ខេត្តស្រះកែវ សម្រាប់ទទួលបញ្ជូនពលករកម្ពុជា ដែលមានបំណងធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជា

* ក្នុងនោះដែលភាគីទាំងពីរ ក៏បានអនុញ្ញាឲ្យយានជំនិះដែលជារថយន្តគ្រប់ប្រភេទ ដែលមានឯកសារគ្រប់គ្រាន់អាចធ្វើដំណើរឆ្លងដែនបាន ក្រោមលក្ខខណ្ឌដូចគ្នាជាមួយនឹងការកាន់ប័ណ្ណឆ្លងដែន (Border Pass) ដែលចាប់ផ្ដើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ

* ដើម្បីជាប្រយោជន៍ក្នុងការទំនាក់ទំនងការលក់ដូរនៅតំបន់ព្រំដែន ផ្ដល់សិទ្ធិឲ្យសមត្ថកិច្ចកម្ពុជា ចេញសំបុត្រឆ្លងដែនបណ្ដោះអាសន្ន ដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ អនុញ្ញាតឲ្យធ្វើដំណើរដល់ផ្សារដៅឌិន និងតម្រូវឲ្យត្រឡប់មកវិញនៅវេលាម៉ោង១៨៖០០នាទី ដោយមិនអនុញ្ញាតឲ្យស្នាក់នៅឡើយដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២តទៅ

* ការជួយក្នុងការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយសាធារណៈ នៅតំបន់ព្រំដែន ដោយមានការគាំទ្រឧបត្ថម្ភផ្នែកបុគ្គលិក សម្ភារៈបរិក្ខារ និងឧបករណ៍ចាំបាច់ ព្រមទាំងមានការបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរទិន្នន័យព័ត៌មានរវាងមន្រ្ដីពាក់ព័ន្ធ

* អនុញ្ញាតិឲ្យយានយន្តប្រភេទរថយន្តសង្រ្គោះបន្ទាន់ ឬរថយន្តសម្រាប់ដឹកជញ្ជូនអ្នកជំងឺបន្តរបស់ប្រទេសទាំងត្រូវបានអនុញ្ញាត និងមានការទំនាក់ទំនងសម្របសម្រួលពីមជ្ឈមណ្ឌលអន្តរជាតិទទួលបន្ទុកបញ្ជូនអ្នកជំងឺរវាងប្រទេសពីរ (មជ្ឈមណ្ឌលបញ្ជូនអ្នកជំងឺបន្តអារញ្ញប្រាថេត-មជ្ឈមណ្ឌលបញ្ជូនអ្នកជំងឺបន្តប៉ោយប៉ែត) អាចធ្វើដំណើរឆ្លងកាត់ព្រំដែនចេញ-ចូល ដោយកាន់នូវលិខិតឆ្លងដែន (Passport) ឬប័ណ្ណឆ្លងដែន (Border Pass) លើកលែងករណីចាំបាច់បន្ទាន់ ដែលតម្រូវឲ្យទំនាក់ទំនងមជ្ឈមណ្ឌលអន្តរជាតិទទួលបន្ទុកបញ្ជូនអ្នកជំងឺរវាងប្រទេសធ្វើលិខិតបញ្ជាក់ ឲ្យដល់អ្នកជំងឺជាមុន និងផ្ញើបញ្ជូនឯកសារភស្ដុតាងនៅពេលក្រោយ៕