(តាកែវ)៖ លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី ព្រមទាំងសហការី និងសាច់ញាតិ បានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តតុំ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

លោក ហ៉ីង ប៊ុនហៀង និងលោកស្រីក៏បានប្រគេនបច្ច័យវត្តតុំចំនួន១០លានរៀល និងវត្តចំនួន៦ទៀតប្រគនបច្ច័យ២លានរៀល អង្ករចំនួន២០០គីឡូក្រោម មី១០កេសតូច ត្រីខ៤យួរ ប៊ីចេង២គីឡូ ទឹកត្រី២យួរ ទឹកស៉ីអ៉ីវ២យួរ ទឹកបរិសុទ្ធ១០កេស ទឹកក្រូច១០កេស ទឹកដោះគោល១០កំប៉ុង ប្រគេនបច្ច័យព្រះមេគុណខេត្ត១លានរៀល ព្រះសង្ឃ១៥អង្គ ប្រគេនទេយ្យទាន១កញ្ចប់បច្ច័យ៤០ម៉ឺនរៀល ជូនសាលាក្រុងដូនកែវចំនួន២លានរៀល សង្កាត់ប្រការក្រៅ៥០ម៉ឺនរៀល យាយជីតាជីមួយនាក់២ម៉ឺនរៀល។ សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តព្រះពុទ្ធពរនេះផងដែរ។

គ្រប់គ្នាបានបង្ហាញនូវទឹកចិត្តជ្រះថ្លាញញឹមរីករាយនឹងការកសាងកុសលផលបុណ្យជាមួយព្រះពុទ្ធសាសនា នាឱកាសពិធីបុណ្យប្រពៃណីជាតិនេះ។

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។

យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះគឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យទៅឱ្យមាតាបិតា ញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋាន ដើម្បីឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព។

ម្យ៉ាងទៀត ប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេតនឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឱ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ៕