(សៀមរាប)៖ ចម្លាក់ព្រះសិវលិង្គដែលធំជាងគេបំផុតនៅតំបន់រមណីយដ្ឋានអង្គរ ព្រមជាមួយខឿនទម្រ និងរចនាសម្ពន្ធនៃសំណង់បុរាណនេះនឹងត្រូវជួសជុលឡើងវិញ ដើម្បីលើកសោភ័ណភាពនិងតម្លៃបេតិកភណ្ឌឡើងវិញដែរ។ ចម្លាក់ព្រះសិវលិង្គនេះគឺតម្កល់នៅលើភ្នំបូក ស្រុកបន្ទាយស្រី ខេត្តសៀមរាបបច្ចុប្បន្ន។
បច្ចុប្បន្ននេះក្រុមការងារក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យាកំពុងធ្វើកំណាយស្រាវជ្រាវសិក្សាពីរចនាសម្ពន្ធ មុននឹងឈានទៅដល់រៀបចំផែនការជួសជុលលើកតម្លៃបុរាណដ្ឋានឡើងវិញ។
លោក ហួរ សុធន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ព្រះសិវលិង្គនៅលើភ្នំបូកនេះធ្វើពីថ្មបាយក្រៀមប្រវែង២០គុណ១៩ម៉ែត្រ និងកម្ពស់៣.៥ម៉ែត្រ ហើយនៅលើខឿនថ្មបាយក្រៀមនេះមានជើងទម្រធ្វើពីថ្មភក់មានប្រវែង៥.២ម៉ែត្របួនជ្រុងស្មើ សម្រាប់តម្កល់លិង្គដែលមានទំហំមុខកាត់ជាង១ម៉ែត្រ និងប្រវែង៤.២ម៉ែត្រ។
លោកបានបន្តថា «ជើងទម្រលិង្គដែលធ្វើពីថ្មភក់នោះស្ទើរតែ៩០ភាគរយរងការខូចខាត រីឯលិង្គក៏រងខូចខាតយ៉ាងខ្លាំងតាំងពីផ្នែកគល់រហូតដល់ចុង គឺបែកបាក់ជាច្រើនបំណែក»។
លោក ហួរ សុធន សន្និដ្ឋានថា ការខូចខាតដ៏ធ្ងន់ធ្ងរនេះអាចបណ្តាលមកពីការបំផ្ទុះដោយគ្រាប់រំសេវ ពីព្រោះក្រុមការងារប្រទះឃើញបំណែកតូចៗយ៉ាងច្រើននៅពាសពេញទាំងក្នុងដី និងលើដី។
ដោយឡែក ខឿនថ្មបាយក្រៀមបានរងការខូចខាតដោយកត្តាអាយុកាល ធម្មជាតិ ដោយការពុកផុយ រលុះថ្មធ្លាក់មកក្រោមនៅតាមជ្រុងខ្លះ ជាមួយគ្នានេះនៅលើខឿននោះមានដើមឈើដុះច្រើន ឫសឈើបានចាក់ជ្រែកចូលប្រលោះថ្ម បង្កើតជាចន្លោះដែលងាយឱ្យទឹកភ្លៀងហូរច្រោះ រីឯដំបូកកណ្តៀរបង្កឱ្យមានការបាក់ស្រុតដោយផ្នែក និងកង្វះការថែទាំពីមុនមក។
លោកបានបញ្ជាក់ដែរថា ការធ្វើកំណាយនៅទីបុរាណដ្ឋានខាងលើនេះបានចាប់ផ្តើមតាំងពីដើមខែសីហា ឆ្នាំ២០២២ ហើយគម្រោងសិក្សាស្រាវជ្រាវនឹងបញ្ចប់ទៅវិញនៅចុងខែកញ្ញា ឆ្នាំ២០២២ខាងមុខ។
បុរាណវិទូរូបនេះឱ្យដឹងថា ក្រុមការងារបានធ្វើកំណាយសិក្សាពីរចនាសម្ពន្ធគ្រឹះនៃសំណង់តម្កល់លិង្គនេះ កន្លងមកបានប្រទះឃើញបំណែកថ្មលិង្គ បំណែកក្បឿងច្រើន និងបំណែកនាងច្រាលខ្លះ ដែលអាចបញ្ជាក់បានថាទីតម្កល់លិង្គនេះ ដើមឡើយប្រហែលមានសំណង់ឈើប្រក់ក្បឿងគ្របពីលើលិង្គនៅពីលើខឿនថ្មបាយក្រៀមនេះ។ ក្រុមការងារកំពុងសិក្សារិះរកបច្ចេកទេសក្នុងការជួសជុលលិង្គដ៏ធំមួយនេះឡើងវិញ នឹងជួបបញ្ហាប្រឈមមួយចំនួន ដូចជា ការដ្ឋានស្ថិតនៅលើភ្នំពិបាកដឹកជញ្ជូនសម្ភារៈ តួលិង្គមានទម្ងន់ច្រើនតោនលំបាកក្នុងការលើកប្ដូរទីតាំងដើម្បីជួសជុល។
ពាក់ព័ន្ធនឹងសំណង់បុរាណតម្កល់លិង្គនៅលើភ្នំបូកនេះមិនមានសិលាចារឹក ឬឯកសារណាបញ្ជាក់ពីកាលបរិច្ឆេទនៃការសាងសង់ឡើយ ប៉ុន្តែតាមការពិនិត្យមើលលើខ្សែក្បាច់មាននៅតាមជើងទម្រតម្កល់លិង្គ គេអាចសន្និដ្ឋានបានថាវាប្រហែលជាស្ថិតនៅអំឡុងសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទយសោវម៌្មទី១៕