(ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំសហការី អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ បច្ច័យ វេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្តមង្គលវ័ន ហៅវត្តស្វាយដង្គំ ស្ថិតនៅខណ្ឌ៧មករា រាជធានីភ្នំពេញ និងវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនោះ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះចៅអធិការវត្តមង្គលវ័ន និងព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះលេខាធិការគណៈខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី បានមានព្រះពុទ្ធដិការ ថ្លែងអំណរគុណ និងកោតសរសើរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបន្ដយកចិត្ដទុកដាក់គ្រប់ពេលវេលា មិនថា នៅពេលវេលាណានោះទេ តែងតែរមែងខ្វាយខ្វល់ ពីសុខទុក្ខផលពិបាកនានា និងជួយដោះស្រាយសម្រាលការខ្វះខាត ដល់ពលរដ្ឋគ្រប់គ្នា ជាក់ស្ដែងព្រះសង្ឃនៅតាមវត្ដអារ៉ាម ទោះក្នុងកាលៈទេសៈណាក៏ដោយ។ លើសពីនោះ ការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយ វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន។

ព្រះចៅអធិការវត្តមង្គលវ័ន និងវត្តជុំនទី ក៏បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ។

ទន្ទឹមនឹងនោះ ព្រះចៅអធិការវត្ត ក៏ឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន ផងដែរ។

សូមជម្រាបថា សម្រាប់ទេយ្យទានដែលកាកបាទក្រហមកម្ពុជា ប្រគេនវត្តមង្គលវ័ន រួមមាន ៖ អង្ករ ២តោន, មី ២០កេស, ត្រីខ ៣កេសធំ, ទឹកស៊ីអ៉ីវ ១២០ដប, ទឹកត្រី ១២០ដប, ទឹកក្រូច ៥កេស, ទឹកត្រឡាច ៥កេស, ទឹកគូលែន ៥កេស, ទឹកសណ្តែក ៥កេស, មៀនកំប៉ុង ២កេស, ទឹកបរិសុទ្ធអារុណា ១០កេស, ទឹកដោះគោខាប់ ២កេស, អូរវ៉ាន់ទីន ២កេស, តែ ៥គីឡូក្រាម , ស្ករស ២៥គីឡូក្រាម, ត្រីងៀត ១០គីឡូក្រាម, សាច់ក្រក ១០គីឡូក្រាម, ជែលលាងដៃ ៥កេស, ម៉ាស់ ១កេសធំ, អាល់កុល ២កាន និងបច្ច័យចំនួន ៤០លានរៀល។

វេរប្រគេន សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា នូវ សាដក ១ និងបច្ច័យ ២លានរៀល និងវេរប្រគេនព្រះសង្ឃ គង់អម ៤អង្គ ក្នុង ១អង្គ នូវ សាដក១ និងបច្ច័យ ២០ម៉ឺនរៀល។

ទេយ្យទានប្រគេនវត្តក្រពើហា រួមមាន៖ អង្ករ ២តោន, មី ២០កេស, ត្រីខ ៣កេសធំ, ទឹកស៊ីអ៉ីវ ១២០ដប, ទឹកត្រី ១២០ដប, ទឹកក្រូច ៥កេស, ទឹកត្រឡាច ៥កេស, ទឹកគូលែន ៥កេស, ទឹកសណ្តែក ៥កេស, មៀនកំប៉ុង ២កេស, ទឹកបរិសុទ្ធអារុណា ១០កេស, ទឹកដោះគោខាប់ ២កេស, អូរវ៉ាន់ទីន ២កេស, តែ ៥គីឡូក្រាម , ស្ករស ២៥គីឡូក្រាម, ត្រីងៀត ១០គីឡូក្រាម, សាច់ក្រក ១០គីឡូក្រាម, ជែលលាងដៃ ៥កេស, ម៉ាស់ ១កេសធំ, អាល់កុល ២កាន និងបច្ច័យចំនួន ៤០លានរៀល។

វេរប្រគេន ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ នូវ សាដក ១ និងបច្ច័យ ២លានរៀល និងវេរប្រគេនព្រះសង្ឃ គង់អម ៤អង្គ ក្នុង ១អង្គ នូវ សាដក១ និងបច្ច័យ ២០ម៉ឺនរៀល៕