(សៀមរាប)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប បានជូនដំណឹងស្ដីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាបណ្តោះអាសន្ន បន្ទាប់ពីជំនន់ទឹកភ្លៀងបាននិងកំពុងជន់ឡើងយ៉ាងខ្លាំង។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប់ ដែលបានចេញនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដែលមានខ្លឹមសារថា ដោយស្ថានភាពជំនន់ទឹកភ្លៀងបាននិងកំពុងជន់ឡើងយ៉ាងខ្លាំង ជាហេតុបណ្តាលឱ្យលិចលង់នៅតាមកំណាត់ផ្លូវមួយចំនួន ភូមិសាស្ត្រខេត្តសៀមរាប ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លូវ-ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បានទេ និងដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតរចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន។

ក្នុងសេចក្តីជូនដំណឹងដដែល បានបន្តថា មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប សូមធ្វើការបិទការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ ៦៤ (ដំដែក-ព្រះវិហារ) ផ្លូវជាតិលេខ ៦៧ (សៀមរាប-អន្លង់វែង) ផ្លូវជាតិលេខ ៦៨(ក្រឡាញ់-ឧត្តរមានជ័យ) ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក) ផ្លូវខេត្តលេខ២៦៦C (ស្វាយធំ-បន្ទាយស្រី) ផ្លូវខេត្តលេខ២៦៦F (ពួក-អង្គរជុំ) ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន) ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម) ផ្លូវខេត្តលេខ២៦៤៥ (ស្វាយលើ-ស្រែណូយ) ផ្លូវខេត្តលេខ៦២-៣(បេងមេលា-ខ្វាវ) ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី។

ជាមួយនេះដែរ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប សង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះស្មារតី និងឆន្ទៈមនសិការរបស់លោក លោកស្រី ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ នឹងចូលរួមសហការអនុវត្ត ដើម្បីរួមចំណែកថែរក្សាផ្លូវ ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕