(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប សម្រេចបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការខូចខាតផ្លូវ ដែលកំពុងរង់ការជន់លិចដោយជំនន់ទឹកភ្លៀង។

ផ្លូវដែលបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ននេះរួមមាន កំណាត់ផ្លូវជាតិលេខ ៦៤ (ដំដែក-ព្រះវិហារ), ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង),ផ្លូវជាតិលេខ៦៨ (ក្រឡាញ់-ឧត្តរមានជ័យ), ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក), ផ្លូវខេត្តលេខ២៦៦C(ស្វាយធំ-បន្ទាយស្រី), ផ្លូវខេត្តលេខ២៦៦F (ពួក-អង្គរជុំ), ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន), ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម), ផ្លូវខេត្តលេខ២៦៤៥ (ស្វាយលើ-ស្រែណូយ), និងផ្លូវខេត្តលេខ៦២-៣(បេងមាលា-ខ្វាវ)។

ការបិទជាបណ្តោះអាសន្ននេះ ធ្វើចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងសាជាថ្មី។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះស្មារតី និងឆន្ទៈមនសិការបស់ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ នឹងចូលរួមសហការអនុវត្តដើម្បីរួមចំណែកថែរក្សាផ្លូវ-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕