(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស​កើតឡើងចំនួន៦លើក (យប់១លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់៦នាក់ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៩គ្រឿង រួមមាន ម៉ូតូចំនួន៥គ្រឿង, រថយន្តធុនតូច៣គ្រឿង, យានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន១លើក, មិនគោរពសិទ្ធិ៣លើក, បត់គ្រោះថ្នាក់១លើក, ស្រវឹង១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ចំនួន៥នាក់។

នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន២,៧៣៤គ្រឿង ក្នុងនោះបានធ្វើការ​អប់រំចំនួន​១,២៤៥គ្រឿង និងពិន័យសរុប១,៤៨៩គ្រឿង ៕