(ភ្នំពេញ)៖ ស្ថានទូតបារាំង និងស្ថានទូតជប៉ុននៅកម្ពុជា ដែលជាសហប្រធានក្រុមមិត្តនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានចេញសេចក្តីប្រកាសរួមមួយពាក់ព័ន្ធនឹង អ.វ.ត.ក។ នេះបើតាមសេចក្តីថ្លែងការណ៍រួម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

សេចក្តីប្រកាសរួមបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្រុមមិត្តនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានជួបជាមួយតំណាងរាជរដ្ឋាភិបាលកម្ពុជា តំណាងផ្នែករដ្ឋបាលនៃ អ.វ.ត.ក (ទាំងសមាសភាពជាតិ និងអន្តរជាតិ) និងលោក Stephen D. Mathias ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់។ ជំនួបនេះបានប្រព្រឹត្តទៅនៅស្ថានទូតបារាំង ដើម្បីពិភាក្សាគ្នាអំពីការរីកចម្រើនថ្មីៗ ស្ថានភាពហិរញ្ញវត្ថុ និងការងារសេសសល់របស់ អ.វ.ត.ក។

កិច្ចប្រជុំខាងលើធ្វើឡើងមួយថ្ងៃមុន ការប្រកាសសាលដីកាលើសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន អតីតគណៈប្រធានរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ ដែលជាសំណុំរឿងចុងក្រោយ នៅចំពោះមុខតុលាការកំពូលនៃ អ.វ.ត.ក។

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានតម្កល់ការផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិតរបស់អង្គជំនុំជម្រះសាលាដំបូង ប្រឆាំងទៅនឹង ខៀវ សំផន អតីតគណៈប្រធានរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ ពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ។ ការប្រកាសសាលដីកានេះ បានបញ្ចប់នូវការទន្ទឹងរង់ចាំដ៏យូររបស់គ្រួសារជនរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា សម្រាប់ការបិទបញ្ចប់នីតិវិធីសាលដីកានេះ គឺជាដំណាក់កាលសំខាន់មួយឆ្ពោះទៅកាន់ការបិទបញ្ចប់ ដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងការផ្តោតទៅលើការងារសេសសល់វិញ។

ក្រុមមិត្តនៃ អ.វ.ត.ក ដែលមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការតស៊ូ ដើម្បីយុត្តិធម៌ និងប្រឆាំងនឹងនិទណ្ឌភាព សូមរំលឹកឡើងវិញអំពីការគាំទ្ររបស់ខ្លួន និងកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់តួអង្គពាក់ព័ន្ធនានា ចាប់តាំងពីតុលាការនះ ត្រូវបានបង្កើតនៅឆ្នាំ២០០៦ ហើយសង្ឃឹមថា អត្ថន័យ និងកេរតំណែលនៃ អ.វ.ត.ក នឹងត្រូវបន្សល់ទុកឱ្យពលរដ្ឋជំនាន់ក្រោយទៀត៕