(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកការបង្ក្រាបបទល្មើសល្បែងស៊ីសង សរុប៧៦ករណី ឃាត់ខ្លួនមនុស្សចំនួន១៤៦នាក់ នៅតាមខណ្ឌក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រឹមរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃ១៧-២៣ ខែកញ្ញា ឆ្នាំ២០២២។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបញ្ជាក់មកកាន់ Fresh News នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា «លទ្ធផលបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គិតត្រឹមរយៈពេល៧ថ្ងៃ ថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជា របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការ និងបានបង្កើតក្រុមការងារ ដើម្បីធ្វើការបង្ក្រាប ការបើកលេងល្បែងស៊ីសងខុសច្បាប់ ចំនួន៧៦ករណី ឃាត់ខ្លួន១៤៦នាក់»

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ទៀតថា ការបង្ក្រាប៧៦ករណីនេះ ក្នុងនោះ មានទីតាំងកក់ឆ្នោតវៀតណាម៣៧ទីតាំង, ហាងបញ្ចាំងខុសច្បាប់៩ទីតាំង, លេងល្បែងអនឡាញ១២ទីតាំង, លេងបៀរ៥ទីតាំង, ម៉ាស៊ីនអនឡាញ៦ទីតាំង, ឆ្នោតឡូតូខុសច្បាប់៧ទីតាំង។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិត្រូវបង្ក្រាប ឲ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ ប្រសិនបើអភិបាលរាជធានី/ខេត្ត អភិបាលក្រុង/ស្រុក/ខណ្ឌរូបណា មិនទទួលខុសត្រូវលើតួនាទី បណ្តោយឲ្យល្បែងស៊ីសងរីកសាយភាយ ក្នុងមូលដ្ឋានរបស់ខ្លួន សម្ដេចតេជោមិនស្ទាក់ស្ទើរ ក្នុងការដកចេញពីមុខតំណែងនោះឡើយ៕