(ស្វាយរៀង)៖ លោកស្រី ម៉ែន សំអន អនុប្រធាគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចៀសវាងពីល្បែងស៊ីសង គ្រឿងញៀន អំពើអបាយមុខនានា ដើម្បីកុំឱ្យកើតមានហេតុអន្តរាយណាមួយដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ការអំពាវនាវនេះធ្វើឡើងនាឱកាសដែលលោកស្រីនាំយកនូវទេយ្យវត្ថុប្រគេនព្រះសង្ឃចំនួន១៩វត្ត ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង ក្នុងឱកាសវេនកាន់បិណ្ឌទី១៣ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

លោកស្រីបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនត្រូវឱ្យបាត់បង់សមាជិកណាម្នាក់ក្នុងឱកាសបិណ្ឌភ្ជុំនេះទេ កុំឱ្យសប្បាយក្លាយជាទុក្ខ។ ជៀសឱ្យផុតពីការប្រើប្រាស់គ្រឿងញៀន និងត្រូវចូលរួមគោរពតាមវិធានការណ៍៣ការពារ៣កុំទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាជំងឺឆ្លងផ្សេងៗចូលក្នុងសហគមន៍។

នាឱកាសនោះ លោកស្រី ម៉ែន សំអន ក៏បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បុគ្គលិក មន្ត្រីរាជការ និងពុទ្ធបរិស័ទដោយក្តីនឹករលឹក។

លោកស្រីបានលើកឡើងថា ពិធីបុណ្យភ្ជុំបិណ្ឌមានជាយូរលង់ណាស់មកហើយ ដែលជាបុណ្យប្រពៃណីជាតិដែលមានរយៈពេលរហូតដល់១៥ថ្ងៃ។ ពិធីបុណ្យនេះទៀតសោត ពុទ្ធបរិស័ទតែងតែសែនរំលឹកដល់បុព្វការីជនដូនតាដែលលាចាកលោកនេះទៅហើយ ឬហៅថាបុណ្យបូជាទេវតា ឬក៏ហៅថាបុណ្យថ្វាយព្រះបិតរ ពាក្យនេះខ្មែរយើងប្រើជាឈ្មោះព្រះរាជពិធីមួយមានចាក់ទឹកដូងច្រួចសែនរំឭកដល់ពួកបុព្វបុរសក្នុងរាជត្រកូល ហៅថាថ្វាយព្រះបិតរ ឬថ្វាយព្រះបិដរ គឺសែនរំឭកទៅព្រះញាតិវង្សានុវង្សដែលសេ្តចទៅកាន់បរលោកហើយ៕