(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោក ម៉ាត់ សេត តំណាងរាស្ត្រមណ្ឌលខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន២០០គ្រួសារ នៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលអំណោយខាងលើទទួលបានពីអង្គការមូលនិធិអាស៊ាន ដេីម្បីការអប់រំ និងអភិវឌ្ឍន៍។

ពិធីនេះក៏មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, លោក យូសុះ ស៊ូឡៃម៉ាន ជាគណៈអ៉ីម៉ាំខេត្តព្រះសីហនុ និងជាអភិបាលរងខេត្តព្រះសីហនុ, លោក សេន សាប៊ីល អភិបាលរងខេត្តកំពត, លោក សល់ឡេះ យូសុះ អភិបាលរងស្រុកព្រៃនប់ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន ក៏បាននាំនូវសេចក្តីនឹករលឹក ពីសំណាក់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ។ លោកបានលើកឡើងថា ដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទេីបធ្វើឲ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ និងវិស័យផ្សេងៗជាច្រើនទៀត។

លោក រ៉ូហ្វី អូស្មាន បានបន្តទៀតថា យើងពិតជាមានសំណាងខ្លាំងណាស់ដែលមានថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត និងមានប្រាជ្ញាវាងវៃ ដែលជួយឲ្យប្រទេសកម្ពុជាឆ្លងផុតពីដំណាក់កាលដ៏សែនលំបាកពីសម័យសង្រ្គាម ទើបធ្វើឲ្យប្រជាពលរដ្ឋទទួលបានសុខសន្តិភាព រហូតដល់សព្វថ្ងៃ។ ក៏ដូចគ្នាដែរ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ បានធ្វើឲ្យប្រទេសកម្ពុជារួចផុតពីជំងឺកូវីដ-១៩ ដែលរីករាលដាលជាសាកលលោក។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដើម្បីទទួលបានវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងធ្វើឲ្យប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន និងលេខ២ ទូទាំងពិភពលោក ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។

លោក រ៉ូហ្វី អូស្មាន រំលឹកថា សម្តេសតេជោ លោកបានផ្តល់ឱកាសដល់សាសនិកឥស្លាមទូទាំងប្រទេសនូវគ្រូក្របខណ្ឌខ្មែរឥស្លាម ចំនួន១,៥០០នាក់ និងរៀបចំឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម ចូលរួមបម្រើការងារជាមួយរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីបម្រើការងារ និងដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋ។

ក្នុងនាមខ្មែរឥស្លាម ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស សូមដឹងគុណដ៏សែនថ្លៃថ្លានេះ ហើយនឹងគាំទ្រសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យដឹកនាំប្រទេសកម្ពុជាជារៀងរហូត ដើម្បីទទួលបានសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត។

សូមជម្រាបថា សម្រាប់អំណោយ២០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី២០កញ្ចប់, ស្ករស១គីឡូក្រាម, ទឹកត្រី១ដប, ប្រេងឆា១ដប សរុបថវិកាចំណាយក្នុងមួយកញ្ចប់២៥ដុល្លារ និងចំណាយជាថវិកាសរុប អស់ចំនួន៥០០០ដុល្លារ៕