(ព្រះសីហនុ)៖ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះរាជាគណៈថ្នាក់កិត្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកផ្សព្វផ្សាយព្រះពុទ្ធសាសនា និងសង្គម នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះបានចែក ទេយ្យទាន ដល់លោកតាលោកយាយ និងប្រជាការពារចំនួន ២៣គ្រួសារ នៅក្នុងវត្តព្រះពុទ្ធសំរិទ្ធីគិរីថ្មដា ហៅវត្តថ្មដាក្រោម នៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា មានសង្ឃដីកាបញ្ជាក់ថា ជំនួយទាំងអស់នេះជាសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានយកមកប្រគេនក្នុងឱកាស បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ទុកសម្រាប់ផ្គត់ផ្គង់ព្រះសង្ឃក្នុងវត្ត តែដោយមើលឃើញថា ទេយ្យទានពុទ្ធបរិស័ទមានច្រើន ព្រះអង្គ និងអាចារ្យ គណៈកម្មការវត្ត បានឯកភាពគ្នាទុកមួយចំណែកសម្រាប់ព្រះសង្ឃ និងមួយចំណែកទៀតយកមកចែករំលែក ជាទេយ្យទានជូនប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជា ការពារចំនួន២៣គ្រួសារ ក្នុងនោះមានលោកតា លោកយាយ១៥គ្រួសារ និងប្រជាការពារ និងប៉ូលីស ៨គ្រួសារ ដែលជួយបម្រើការងារ ជូនវត្តព្រះពុទ្ធសំរិទ្ធីគិរី ថ្មដា ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះផងដែរ។

ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា មានសង្ឃដីកាបន្ថែមទៀតថា នេះជាសកម្មភាពមនុស្សធម៌របស់ព្រះពុទ្ធសាសនា បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយយថាហេតុផ្សេងៗ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារ ជំងឺ កូវីដ១៩ ដែលកំពុងរីករាលដាលនៅលើពិភពលោក។

សូមបញ្ជាក់ថា ទេយ្យទានដែលបានចែកជូនតាជី យាយជី ១៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា ១៣៩,៥០០រៀល, អង្ក១០គីឡូ, ទឹកក្រួច១កេស, ទឹកដោះគោ ៤កំប៉ុង, ទឹកត្រី១យួ, ទឹកស៊ីអ៊ីវ១យួ, ស្កសរ ២គីឡូ, ប៊ីចេង១គីឡូ, ត្រីខ ១យួ, នំអន្សម១០ដើម, ប្រេងឆា១ ដប, មី១កេស។ កម្លាំងប្រជាកាពារ និងប៉ូលីស៨នាក់ ក្នុងមួយ១នាក់ទទួលបានថវិកា ៥០,០០០រៀល, អង្ក១០គីឡូ, ទឹកក្រួច១កេស, ទឹកដោះគោ៤កំប៉ុង, ទឹកត្រី១យួ, ទឹកស៊ីអ៊ីវ១យួ, ស្កសរ២គីឡូ, ប៊ីចេង១គីឡូ, ត្រីខ ១យួ
នំអន្សម១០ដើម, ប្រេងឆា១ដប, មី១កេស៕