(បន្ទាយមានជ័យ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានប្រកាសឱ្យផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ននូវយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ២៦៨អា ចាប់ពីព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក រហូតដល់មានការជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព បន្ទាប់រងការប៉ះពាល់ដោយសារទឹកជំនន់។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា «ការផ្អាកធ្វើចរាចរណ៍នេះលើកំណាត់ផ្លូវខាងលើ គឺបន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្តាលឱ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវមួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសកំណាត់ផ្លូវខេត្តលេខ២៦៨អា ចាប់ពីព្រៃមាន់ ដល់ អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ»។

ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនធំទាំងអស់ និងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សា ផ្លូវថ្នល់ ស្ពាន ប្រើប្រាស់ឱ្យបានយូរអង្វែង៕