(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៦ ដែលរងផលប៉ះពាល់ជំនន់ទឹកភ្លៀងប្រមាណ ៥គីឡូម៉ែត្រ នៅក្នុងទីរួមស្រុកស្ទោង។

ក្នុងការចុះត្រួតពិនិត្យនេះ អភិបាលខេត្តជំរុញឱ្យមន្ត្រីជំនាញ និងអាជ្ញាធរបង្កើនការការយកចិត្តទុកដាក់ដល់ពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរពាក់ព័ន្ធកំពុងច្រកបេខ្សាច់ទប់ស្កាត់ការហូរច្រោះកំណត់ផ្លូវជាតិលេខ៦ ប្រវែងជាង ៤គីឡូម៉ែត្រ ។

លោកបានបន្តថា កំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកស្ទោងនេះ បានចាប់ផ្តើមលិចដោយសារធារទឹកភ្លៀងរួមជាមួយប្រភពទឹកស្ទឹងស្ទោង និងទឹកដែលហូរចេញពីទំនប់អាងស្ទាក់ទឹក ៣០ កញ្ញា មានការពេញហៀរ និងបានបើកទ្វារទឹកគ្រប់ទីកន្លែង ជាពិសេសប្រជាពលរដ្ឋបានចាក់ដីលប់ផ្លូវមុខទឹកផងធ្វើឱ្យផ្លូវទឹកតូចចង្អៀត និងស្ទះទៀតផង។ ដោយឡែកក្នុងករណីទឹកនៅផ្នែកខាងលើទំនប់អាងស្ទាក់ទឹក ៣០ កញ្ញា នៅតែបន្តជន់ឡើង, ទឹកស្ទឹងស្ទោងបន្តជន់ខ្លាំង នោះទឹកនឹងអាចនៅតែបន្តលិចផ្លូវបន្ថែមទៀត ប៉ុន្តែតាមការពិនិត្យឃើញថាអាងទឹក ៣០ កញ្ញា មានការស្រកចុះផងដែរ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានបញ្ជាក់ថា ការលិចលង់នេះមិនទាន់បានជម្លៀសប្រជាពលរដ្ឋ ទៅរស់នៅលើទីទួលសុវត្ថិភាពនោះទេ មានការរំខានដល់ការការរស់នៅនិងការធ្វើដំណើរ និងខាតពេលវេលាក្នុងការប្រកបមុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយក្នុងនាមគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ បានរៀបចំស្បៀងសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ នៅពេលខាងមុខនេះ។

លោក ងួន រតនៈ គូសបញ្ជាក់ថា ផលប៉ះពាល់ដំណាំស្រូវវស្សានាពេលនេះមានចំនួនប្រមាណ ៨ពាន់ហិចតា សម្រាប់ជំនន់ទឹកភ្លៀងសម្រាប់វគ្គទី២។

លោក ជូ កុល្លា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានបញ្ជាក់ថាការច្រកបេខ្សាច់ដើម្បីទប់ដីនេះ ដោយសារបរិមាណធាទឹកភ្លៀងនៅតែបន្តហូរខ្លាំងអាចធ្វើឱ្យផ្លូវនេះរងនូវសភាពខូចខាតហូរច្រោះនៅផ្នែកខាងក្រោមដែលពិបាកជួសជុសនិងអាចឈានដល់ការធ្វើដំណើរនៅពេលទឹកស្រកទៅវិញ។

លោកបន្តថា កំណាត់ផ្លូវជាតិលិចទាំងស្រុងនៅចន្លោះគីឡូម៉ែត្រលេខ២២០ ដល់លេខ២២៤ ជម្រៅ ០,២០ម៉ែត្រ ដល់់០,៤០ម៉ែត្រ ក្រៅពីផ្លូវជាតិលេខ ៦ មន្ទីរសាធារណការ ក៏បានផ្អាកផ្លូវពីរខ្សែផ្សេងទៀតគឺ៖ ផ្លូវខេត្តលេខ២៦៤D ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង និងផ្លូវខេត្តលេខ២៦៤G ស្ថិតនៅក្នុងភូមិតាទ្រាល ឃុំប្រឡាយ ស្រុកស្ទោងផងដែរ៕