(ភ្នំពេញ)៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ បានផ្ញើសារលិខិតរំលែកទុក្ខ ចំពោះមរណភាពព្រឹទ្ធមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ដែលត្រូវជាម្តាយក្មេកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលបានទទួលមរណភាព កាលពីនៅម៉ោង០០៖១៨នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៩០ឆ្នាំ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងភរិយា មានសេចក្តីរន្ធត់ចិត្តឥតឧបមាដោយបានទទួលដំណឹងថា ព្រឹទ្ធមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ត្រូវជាម្តាយ ជីដូន បានទទួលមរណភាពនៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយ ជរាពាធ។

មរណភាពរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ទន់ គឺជាការបាត់បង់អ្នកម្តាយ ជីដូនប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រលាញ់បំផុតរបស់ក្រុមគ្រួសារ និងជាការបាត់បង់ នូវពុទ្ធសាសនិកមួយរូបដែលបានរួមចំណែកទាំងកម្លាំងកាយ ចិត្ត និងធនធានជាច្រើនជួយកសាង សមិទ្ធផលក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្តី លោកជំទាវ និងក្រុមគ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងសូមឲ្យដួង វិញ្ញាណក្ខន្ធរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ៕