(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានផ្ញើសារជូនដំណឹងស្តីពីបញ្ហាអាកាសធាតុ ដល់ប្រជាពលរដ្ឋ ប្រជានេសាទ និងអ្នកធ្វើដំណើរតាមផ្លូវសមុទ្រទាំងអស់នៅក្នុងខេត្តព្រះសីហនុ ដេីម្បីក្រេីនរំលឹកដល់ការរក្សានូវសុខសុវត្ថិភាព និងជៀសវាងគ្រោះថ្នាក់ជាយថាហេតុដោយប្រការណាមួយ គ្រាដែលកម្ពុជាទទួលរងនូវឥទ្ធិពលសម្ពាធទាប នៃព្យុះទី១៦ ឈ្មោះ ណូរុ មកពីប្រទេសហ្វីលីពីន។

តាមរយៈសារសំឡេងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោក គួច ចំរើន ក៏បានណែនាំដល់អាជ្ញាធរ និងមន្ដ្រីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ ជួយណែនាំដល់ប្រជាពលរដ្ឋ ប្រជានេសាទ និងអ្នកដំណើរទាំងអស់ ត្រូវផ្អាកការធ្វើដំណើរទៅកាន់សមុទ្រ ឬបណ្ដាកោះផ្សេងៗ ដែលអាចជួបនៅហានិភ័យកើតឡើង។

ដោយឡែក ចំពោះប្រជានេសាទដែលបានចេញទៅនេសាទនៅតាមបណ្ដាកោះ ឬលំហសមុទ្រ ត្រូវខិតខំរកមធ្យោបាយដើម្បីជូនដំណឹងដល់ពួកគាត់ និងឲ្យពួកគាត់ងាយស្រួលទៅកាន់ទីទួលសុវត្ថិភាពនៅតាមកោះ ឬក៏ត្រូវឡើងមកដីគោកវិញឲ្យបានទាន់ពេលវេលា និងត្រៀមឧបករណ៍សុវត្ថិភាព ដូចជាអាវពោងជាដើមជូនពួកគាត់ផងដែរ នៅពេលដំណើរមកកាន់ដីគោកវិញនេះ។

សូមជម្រាបថា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កម្ពុជានឹងទទួលរងនូវឥទ្ធិពលសម្ពាធទាប នៃព្យុះទី១៦ ឈ្មោះ ណូរុ ដែលមានប្រភពមកពីប្រទេសហ្វីលីពីន៕