(ភ្នំពេញ)៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម អនុប្រធានទី១ រដ្ឋសភា ផ្ញើសារលិខិតរំលែកទុក្ខ ចំពោះមរណភាពព្រឹទ្ធមហាឧបាសិការ ពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ដែលត្រូវជាម្តាយក្មេកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលបានទទួលមរណភាព កាលពីនៅម៉ោង ០០៖១៨នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៩០ឆ្នាំ។

មរណភាពរបស់ព្រឹទ្ធមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី គឺជាការបាត់បង់នូវម្តាយ ម្តាយក្មេក ជីដូន និងជីដូនទួត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ដែលពេញក្នុងមួយជីវិតរបស់ ពព្រឹទ្ធមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ តែងតែប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ល្អប្រពៃ បានពលិកម្មជាច្រើន ទាំងកម្លាំងកាយចិត្ត ប្រឹងប្រែងថ្នាក់ថ្នម ថែរក្សាអប់រំ ផ្តល់ដំបូន្មានល្អៗ ដល់កូន ចៅ និងក្រុមគ្រួសារ ឲ្យបានក្លាយជាធនធានមនុស្សដ៏ល្អ ប្រពៃថ្លៃថ្លាក្នុងសង្គមជាតិ និងបានរួមចំណែកកសាងសមិទ្ធផលនានាជាច្រើន ជាពិសេសក្នុងការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅកម្ពុជាយ៉ាងច្រើនពុំអាចបំភ្លេចបាន។

សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព ព្រឹទ្ធមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕