(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ស៉ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា បានផ្ញើសារលិខិតរំលែកទុក្ខ ជូនឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ចំពោះមរណភាពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី។

តាមរយៈសារលិខិតរំលែកនូវមរណទុក្ខ លោកកិត្តិនីតិកោសលបណ្ឌិត ស៉ឹម កា មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបមត្ថម្ភក៍ ទន់ ធី ត្រូវជាម្តាយក្មេករបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានទទួលមរណភាព នៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០០:១៨នាទី ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។

ទោះបីរូបកាយរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបមត្ថម្ភក៍ ទន់ ធី បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីដូន ជីដូនទួតជាទីគោរពស្រឡាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ ដ៏ល្អប្រពៃ និងមិនចេះរីងស្ងួតក្នុងការអប់រំបុត្រធីតាទាំងអស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។

សូមវត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបមត្ថម្ភក៍ ទន់ ធី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាចែករំលែកទុក្ខដោយក្តីក្រៀមក្រំពីខ្ញុំ និងភរិយា»