(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចយកថ្ងៃទី២០ ខែសីហា ធ្វើជាទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងណែនាំឱ្យគ្រប់និកាយសាសនាទាំងអស់ប្រាប់ទៅសាវ័ករបស់ខ្លួនត្រូវធ្វើការជួបជុំ រំឮក និងពិនិត្យអំពីលទ្ធផលដែលធ្វើ បានទៅលើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។

ការសម្រេចបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស»

សម្តេចតេជោ ហ៊ុន សែន បានសម្រេចយ៉ាងដូច្នេះថា៖ «ចាប់ពេលនេះ ឆ្នាំនេះតទៅរាជរដ្ឋាភិបាល កំណត់យកថ្ងៃទី២០ ខែសីហា ជារៀងរាល់ឆ្នាំ ដើម្បីធ្វើជាទិវាជាតិអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស អញ្ចឹងនៅពេលនោះនៅគ្រប់ទីកន្លែង គ្រប់និកាយសាសនា ជម្រាបជូនទៅសាវ័ករបស់ខ្លួនឱ្យបានជ្រាប រៀងរាល់ថ្ងៃ ២០ ខែសីហា ត្រូវធ្វើការជួបជុំ រំឮក និងពិនិត្យអំពីលទ្ធផលដែលយើងធ្វើបានទៅលើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស»

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់គ្រប់និកាយសាសនាដែលមាននៅកម្ពុជា បើអាចមានការជួបជុំគ្នានៅតាមខេត្ត តាមស្រុក ឬប្រសិនបើអាច គឺធ្វើនៅក្នុងក្របខណ្ឌមូលដ្ឋានភូមិ ឃុំតែម្តង ដើម្បីរកឱ្យឃើញចំណុចខ្លាំង ចំណុចខ្សោយនៅភូមិ ឃុំ មានសុវត្ថិភាពរបស់ខ្លួន។

ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា៖ «ប៉ុន្តែសូមបញ្ជាក់មិនមែនយើងធ្វើសកម្មភាពប្រឆាំងការជួញដូរមនសុ្ស ត្រឹមតែមួយថ្ងៃទី២០ ខែសីហា នោះទេ គឺធ្វើ៣៦៥ថ្ងៃ តែម្តង គឺធ្វើជាប់មិនដាច់»

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនៃការយោគយល់នូវអន្តរសាសនាដែលទទួលបាននូវការជឿទុកចិត្តគ្នា សុខដុមជាតិសាសន៍ និងសាសនា នៅក្នុងប្រទេសកម្ពុជា បានបើកឱកាសឱ្យយើងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អ។

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ថែមថា តួអង្គរបស់រដ្ឋក៏ត្រូវធ្វើសកម្មភាពដោយព្រមៗគ្នា គឺមិនមែនគ្រាន់តែក្រសួងមហាផ្ទៃម្នាក់ឯងធ្វើគ្រប់នោះទេ។ ប៉ុន្តែទាមទារឱ្យមានការចូលរួមគ្រប់កម្លាំងទាំងអស់ត្រូវចូលរួមសកម្មភាពនេះ ដែលក្នុងនោះមានក្រសួងស្ថាប័នសំខាន់រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលអាចជាអ្ន កក្តាប់ជាប់សភាពការណ៍មនុស្សចេញ-ចូល ក្នុងមូលដ្ឋានរបស់ខ្លួនជាដើម៕