(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការជួញដូរមនុស្ស បានក្លាយទៅជាបញ្ហាសកល ដែលទាមទារឱ្យមានការរួមគ្នាគ្រប់ប្រទេស ដើម្បីប្រយុទ្ធប្រឆាំង។

ការលើកឡើងរបស់ សម្តេចតេជោ បានធ្វើឡើងស្របពេលដែលកម្ពុជា បើកយុទ្ធនាការយ៉ាងក្តៅគគុកប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស កម្លាំងពលកម្ម និងត្រួតពិនិត្យជនបរទេសដែលមករស់នៅ និងធ្វើការខុសច្បាប់ នៅក្នុងប្រទេស ដោយក្នុងនោះមានការរំដោះជនរងគ្រោះ និងឃាត់ខ្លួនជនល្មើសជាច្រើននាក់។

ថ្លែងក្នុងពិធីបើក «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស» នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ទាក់ទងនឹងការជួញដូរមនុស្ស វាក្លាយទៅជាបញ្ហាសកល ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរួម ពីប្រទេសមួយទៅកាន់ប្រទេសមួយ ហើយក៏ស្ថិតនៅក្នុងក្របខណ្ឌនៃយន្តការសហប្រតិបត្តិការទូលំទូលាយក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិផង ក្រោមឆ័ត្រនៃអង្គការតំបន់ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ»

សហរដ្ឋអាមេរិក កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ បានទម្លាក់ចំណាត់ប្រទេសកម្ពុជា រួមជាមួយប្រទេសចិន ម៉ាកាវ វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កូរ៉េខាងជើង ប៊្រុយណេ ស៊ីរី អាហ្វហ្គានីស្ថាន ស៊ូដង់ខាងត្បូង និងរដ្ឋចំនួន១២ផ្សេងទៀត ជាប្រទេសដែលស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣ ផងដែរ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ដែលចំណាត់ថ្នាក់នេះ ដោយសហរដ្ឋអាមេរិក បានចោទថាប្រទេស កម្ពុជា និងប្រទេសទាំងនោះគ្មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។

ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល បានអះអាងថា តាំងពីដើមមក ខ្លួនពុំបានបន្ធូរដៃនៅក្នុងការទប់ស្កាត់ និងបង្ក្រាប់ករណីជួញដូរនោះឡើយ ផ្ទុយទៅវិញរាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជានេះ។

កាលពីខែមុន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជ.ប.ជ) បានចេញសេចក្តីអំពាវនាវឱ្យសាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសជាមិត្ត បន្តសហការផ្តល់ព័ត៌មាន ឬតម្រុយនានាពាក់ព័ន្ធអំពើជួញដូរមនុស្ស ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ នៅក្នុងប្រទេសកម្ពុជា។

គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានទទួលសំណើសរុបជាង៣០០ករណី ដែលបានទទួលរងនូវទណ្ឌកម្ម ការបិទសិទ្ធិសេរីភាព និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ក្នុងនោះក៏មានការបើកការស្រាវជ្រាវបឋមចំនួន១៨០ករណីផងដែរ និងរកឃើញជនរងគ្រោះ៣៧៨នាក់ ជាមួយនឹងការឃាត់ខ្លួនជនល្មើសជាង៥០នាក់ផងដែរ៕