(ភ្នំពេញ)៖ ភាគីកូរ៉េបានចាត់ទុកកម្ពុជា និងអាស៊ានជាដៃគូសហប្រតិបត្តិការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងគោលនយោបាយ និងយុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ច/សង្គមឡើងវិញ បន្ទាប់ពីរំដោះខ្លួនចេញពីវិបត្តិជំងឺកូវីដ១៩។

ការណ៍នេះត្រូវបានបញ្ជាក់នៅក្នុងសន្និសីទគោលនយោបាយសាធារណៈអន្តរជាតិសម្រាប់ឆ្នាំ២០២២ ស្ដីពីការពង្រឹងភាពជាដៃគូរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ក្នុងដំណាក់កាលក្រោយវិបត្តិជំងឺកូវីដ១៩ ដើម្បីកសាងអនាគតរួមគ្នា ដែលរៀបចំដោយសាលាភូមិន្ទរដ្ឋបាល និងវិទ្យាស្ថានស្រាវជ្រាវកូរ៉េ នៅសណ្ឋាគាររ៉េស៉ីដង់សុខាភ្នំពេញ រយៈពេល២ថ្ងៃ ចាប់ពីទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២២។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលបានឱ្យដឹងថា ការណ៍ដែលអាស៊ាននិងកូរ៉េខាងត្បូងរៀបចំសន្និសីទអន្តរជាតិនេះឡើង គឺដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍ពាក់ព័ន្ធនឹងគោលនយោបាយ យុទ្ធសាស្ត្ររបស់ប្រទេសសមាជិកអាស៊ាន ដៃគូកូរ៉េ ដៃគូអូស្ត្រាលី មកដល់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់នៃក្រសួង/ស្ថាប័ននានានៅកម្ពុជា ក៏ដូចជាមកពីបណ្ដាប្រទេសសមាជិកអាស៊ាន។ អង្គសន្និសីទអាចយល់ដឹងអំពីស្ថានភាពប្រឈម ហើយក៏អាចរៀនសូត្រអំពីយុទ្ធសាស្ត្រ គោលនយោបាយថ្មីៗដែលប្រទេសនីមួយៗបានគិតគូរនៅក្នុងក្របខណ្ឌនៃការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច។

លោកបានបន្តថា ការរៀបចំសន្នសីទនេះគឺរៀបចំឡើងស្របទៅនឹងពេលវេលា និងស្ថានភាពដែលពិភពលោក និងតំបន់ ក៏ដូចជាកម្ពុជានាំគ្នាគិតគូរអំពីការស្ដារសេដ្ឋកិច្ច/សង្គមបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩។

លោក យក់ ប៊ុនណា បានបន្តទៀតថា តាមរយៈសន្នសីទខាងលើ និងតាមរយៈទំនាក់ទំនងក្នុងក្របខណ្ឌអាស៊ានជាមួយសាធារណរដ្ឋកូរ៉េ កម្ពុជានឹងទទួលបានបទពិសោធន៍ និងចំណេះដឹងបន្ថែម។ កម្ពុជានឹងអាចធ្វើសមាហរណកម្មពង្រឹងខ្លួនក្នុងតំបន់អាស៊ាន ក៏ដូចជាអាចជំរុញនូវកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរជាមួយសាធារណរដ្ឋកូរ៉េ ក្នុងក្របខណ្ឌទំនាក់ទំនងផ្នែកការទូត វប្បធម៌ សេដ្ឋកិច្ច។

ក្នុងសន្និសីទអន្តរជាតិនេះដែរ លោក យក់ ប៊ុនណា ក៏បានជំរុញឱ្យដៃគូសហប្រតិបត្តិការគប្បីប្រើប្រាស់យុទ្ធសាស្ត្រដែលមានលក្ខណៈជានវានុវត្តន៍ ដើម្បីធានាការអភិវឌ្ឍសង្គម/សេដ្ឋកិច្ច កសាងវិបុលភាពនៅក្នុងតំបន់អាស៊ាន។

លោក ជុង គួករ៉េ (Jong Kook Rhee) អនុប្រធានមូលនិធិកូរ៉េបានឱ្យដឹងថា សាធារណរដ្ឋកូរ៉ចង់កសាងមិត្តភាពជាមួយប្រជាជនជុំវិញពិភពលោក ជាពិសេសអាស៊ាន ក៏ដូចជាកម្ពុជាដែលលោកចាត់ទុកជាដៃគូសំខាន់។

លោកអនុប្រធានមូលនិធិកូរ៉េបានបន្តថា សាធារណរដ្ឋកូរ៉េក៏ចង់ពង្រឹងទំនាក់ទំនងជាមួយតំបន់អាស៊ានឱ្យកាន់តែស៉ីជម្រៅ ភាគច្រើនគឺទំនាក់ទំនងវប្បធម៌ សិល្បៈ អប់រំ ផ្លាស់ប្ដូរបទពិសោធន៍រវាងប្រជាជននិងប្រជាជន។

លោក ជុង គួករ៉េ រីករាយជាអនេកដែលអាស៊ាននិងកូរ៉េសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការរំដោះខ្លួនចេញពីវិបត្តិជំងឺកូវីដ១៩ ស្ដារសេដ្ឋកិច្ចឡើងវិញ ព្រមទាំងរួមគ្នាដោះស្រាយវិបត្តិសកល ដូចជាវិបត្តិសេដ្ឋកិច្ច សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បម្រែបម្រួលអាកាសធាតុ។

ជាការសង្កត់ធ្ងន់របស់អនុប្រធានមូលនិធិកូរ៉េ សន្និសីទ្ធអន្តរជាតិនេះគឺជាជំហានដ៏សំខាន់ក្នុងការឈានទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការដ៏ធំរវាងតំបន់អាស៊ាន និងសាធារណរដ្ឋកូរ៉េ៕