(សៀមរាប)៖ ក្រសួងទេសចរណ៍ កំពុងបន្តជំរុញសកម្មភាពការងារការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ បូក២ ឆ្នាំ២០២២ ដើម្បីបន្តការកែទម្រង់ជាបន្តបន្ទាប់ឱ្យស្របតាមឌីជីថលូបនីយកម្ម សម្រួលដល់ការធ្វើធុរកិច្ចទេសចរណ៍ និងពង្រឹងឧត្តមភាពប្រកួតប្រជែង ឆ្ពោះទៅការងើបទ្បើងវិញ ឱ្យបានឆាប់នៃវិស័យទេសចរណ៍កម្ពុជា។

ដើម្បីគាំទ្រដល់កំណែទម្រង់នេះ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ ឆ្នាំ២០២២ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងបន្តជំរុញយ៉ាងសកម្មក្នុងការសម្រេចឱ្យបានផែនការសកម្មភាពការងារការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ បូក២ ឆ្នាំ២០២២ ដើម្បីបន្តការកែទម្រង់ជាបន្តបន្ទាប់ឱ្យស្របតាមឌីជីថលូបនីយកម្ម សម្រួលដល់ការធ្វើធុរកិច្ចទេសចរណ៍ និងពង្រឹងឧត្តមភាពប្រកួតប្រជែង ឆ្ពោះទៅការងើបទ្បើងវិញឱ្យបានឆាប់នៃវិស័យទេសចរណ៍កម្ពុជា។

លោករដ្ឋលេខាធិការបានបន្ថែមថា ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងទេសចរណ៍បានសម្រេចសកម្មភាពការងារចម្បងៗជាច្រើន មានជាអាទិ៍ ការកែទម្រង់ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណទេសចរណ៍ឱ្យស្របតាមសម័យកាលបច្ចេកវិទ្យា ការពិនិត្យទ្បើងវិញនូវអនុលោមភាពបទដ្ឋានគតិយុត្តទាក់ទងវិស័យទេសចរណ៍ ការសម្រួលនីតិវិធីស្នើសុំធ្វើធុរកិច្ចទេសចរណ៍ និងការជំរុញការអនុវត្តគោលនយោបាយសេដ្ឋកិច្ច/សង្គមរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យទេសចរណ៍ ដែលជាកម្មវត្ថុនៃសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ។

លោក សុង តុងហាប់ បានលើកទ្បើងទៀតថា វិស័យទេសចរណ៍កម្ពុជារំពឹងថានឹងងើបទ្បើងក្នុងអត្រាដ៏ល្អប្រសើរក្នុងឆ្នាំ២០២២ ក្នុងចំនួនទេសចរអន្តរជាតិពី១.៥-២លាននាក់ និងទេសចរផ្ទៃក្នុងពី១០-១១លាននាក់។ ជាក់ស្តែង រយៈពេល៨ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជិត១លាននាក់ និងទេសចរផ្ទៃក្នុងជាង៨.៦លាននាក់។

លោកក៏បានលើកឡើងអំពីបច្ចុប្បន្នភាពក្នុងវិស័យទេសចរណ៍ដែរថា គិតត្រឹមខែកក្កដា ឆ្នាំ២០២២ អាជីវកម្មទេសចរណ៍សរុបទូទាំងប្រទេសបានបិទ និងផ្អាកដំណើរការសល់ត្រឹមតែចំនួន១,២០៧ទីតាំង ដែលស្នើនឹង១៥.៣០%នៃអាជីវកម្មទេសចរណ៍សរុប ដោយមានបុគ្គលិករងផលប៉ះពាល់សរុប២២,៤២៩នាក់ ស្នើនឹង២៦.២០% នៃចំនួនបុគ្គលិកសរុប ពោលគឺមានអាជីវកម្មទេសចរណ៍ប្រមាណ២,៧០៨ទីតាំងបានបើកដំណើរការទ្បើងវិញ និងបុគ្គលិករងផលប៉ៈពាល់ទទួលបានការងារទ្បើងវិញ៣១,១០៥នាក់ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកប្រទេសទាំងស្រុងទទួលទេសចរអន្តរជាតិ ការដាក់ឱ្យអនុវត្តវិធានការគោលនយោបាយសេដ្ឋកិច្ច/សង្គម និងកម្មវិធីសហហិរញ្ញប្បទានស្តារនិងជំរុញកំណើនវិស័យទេសចរណ៍៕