(ភ្នំពេញ)៖ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយាន ដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រុមហ៊ុន Yunnan Investment Group ដែលជាម្ចាស់ភាគហ៊ុនធំជាងគេ នៃក្រុមហ៊ុនអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបថ្មី (AIAI) ដឹកនាំដោយលោកអនុប្រធានក្រុមហ៊ុន Liu Mingling និងជាអគ្គនាយកក្រុមហ៊ុនផងដែរ។

លោក Liu Mingling បានថ្លែងអំណរគុណគណ:កម្មការតម្រង់ទិស ដែលកន្លងមកបានផ្តល់ការគាំទ្រពេញលេញ និងយកចិត្តទុកដាក់ជួយសម្របសម្រួលការអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ រហូតសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ និងបានស្នើសុំលោក តឹករ៉េត សំរេច បន្តផ្តល់ការគាំទ្រ ដើម្បីឈានទៅបញ្ចប់ការងារសាងសង់ និងពន្លឿនផែនការផ្ទេរប្រតិបត្តិការអាកាសយានដ្ឋានរួមទាំងបុគ្គលិក និងសម្ភារៈ ឧបករណ៍នានា។

ជាការឆ្លើយតប លោក តឹករ៉េត សំរេច បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមានដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានចូលរួម ដើម្បីធ្វើឱ្យគម្រោងដ៏សំខាន់នេះ អាចប្រព្រឹត្តិទៅបានលឿន ព្រមទាំងជំរុញឱ្យក្រុមការងារ ប្រតិបត្តិការរបស់ក្រុមហ៊ុន AIAI និងផ្នែកពាក់ព័ន្ធ ទាំងអស់ខិតខំដោះស្រាយការងារសំខាន់ៗឱ្យបានលឿន ដើម្បីឈានឆ្ពោះទៅបញ្ចប់ការសាងសង់ នៅខែមីនា ឆ្នាំ២០២៣ និងដាក់ឱ្យដំណើរការអាកាសយានដ្ឋានជាផ្លូវការ នៅខែតុលា ឆ្នាំ២០២៣ ខាងមុខ។

លោកក៏បានណែនាំឱ្យក្រុមហ៊ុនត្រៀមលក្ខណៈពិភាក្សាលម្អិត លើការរៀបចំផែនការផ្ទេរប្រតិបត្តិការអាកាសយានដ្ឋានផងដែរ សម្រាប់ការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នាពេលខាងមុខ។

សូមបញ្ជាក់ថា គម្រោងនេះត្រូវបានចុះហត្ថលេខា នៅរាជធានីភ្នំពេញ កាលពីខែតុលា ឆ្នាំ២០១៦ រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយសម្តេចវិបុលបញ្ញា សុខ អាន និងតំណាងក្រុមហ៊ុន AIAI ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ គឺជាគម្រោងជំរុញកំណើនក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូល ហើយជាពិសេសត្រូវបានប្រសិទ្ធនាម ដោយសម្តេចតេជោ ថាជា «ជាតារារះនាទិសឧត្តរ» នាឱកាសចុះពិនិត្យការដ្ឋានសាងសង់កាលពី ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ។ នៅពេលចប់រួចរាល់ អាកាសយានដ្ឋាននេះមានសមត្ថភាពទទួលការចុះចត របស់យន្តហោះធំៗ ដែលនឹងនាំភ្ញៀវទេសចរកាន់តែច្រើនពីគ្រប់ទិសទីនៃពិភពលោកមកកាន់កម្ពុជា៕