(បន្ទាយមានជ័យ)៖ លោក តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំនាយកដ្ឋានជំនាញ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ ចុះពិនិត្យនិងវាយតម្លៃគម្រោងសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

មជ្ឈមណ្ឌលនេះបានអនុវត្តចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន បានអនុវត្តបាន៨.៩៤% លើគម្រោងទាំងមូលជាមួយភាគីថៃ ដឹកនាំដោយលេខាទី១តំណាងស្ថានទូតព្រះរាជាណាចក្រថៃ និងប្រតិភូមកពីប្រទេសថៃផងដែរ។

គម្រោងមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាប៉ោយប៉ែតនេះ មានទំហំថវិកាជាង២លានដុល្លារ ផ្តល់ដោយរាជរដ្ឋាភិបាលថៃ ដើម្បីទទួលពលករចំណាកស្រុកដែលធ្វើការខុសច្បាប់ បញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ។ គម្រោងនេះគ្រោងនឹងបញ្ចប់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

ក្រោមកិច្ចសហការជាមួយអង្គការដៃគូជាតិ និងអន្តរជាតិ មជ្ឈមណ្ឌលនេះ នឹងទទួលជនរងគ្រោះដែលធ្វើចំណាកស្រុកដោយប្រថុយប្រថានត្រលប់មកពីប្រទេសថៃ ផ្តល់ការហូបចុក ការស្នាក់នៅ បណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើសមាហរណកម្មទៅសហគមន៍វិញ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ចាប់ផ្តើមកសាងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នឹងគ្រោងបញ្ចប់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លើផ្ទៃដីទំហំ ៩,៧៦៨ ម៉ែត្រការ៉េ ដែលក្នុងនោះរួមមាន៖ អគារសម្រាប់ទទួលជនរងគ្រោះចំនួន ២ខ្នង (អគារសម្រាប់បុរស១ខ្នង និងនារី១ខ្នង), អគាររដ្ឋបាល ១ខ្នង, អគារអាហារដ្ឋាន ១ខ្នង និងអគារសម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈរួមចំនួន ១ខ្នង ដែលថវិកានេះបានមកពីជំនួយរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់សរុបចំនួន ២,១៩៩,៩២០ដុល្លារសហរដ្ឋអាមេរិច ហើយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាចុងឆ្នាំ២០២៣ ខាងមុខនេះ៕