(សៀមរាប)៖ ក្រុមគ្រួសារដែលស្ម័គ្រចិត្តផ្លាល់ទីលំនៅ ពីតំបន់រមណីយដ្ឋានអង្គរ និងតាមមាត់ស្ទឹងសៀមរាប មកកាន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបជាង១៧០គ្រួសារ ទទួលបណ្ណសមធម៌ក្នុងដំណាក់កាលដំបូង ដើម្បីឱ្យប្រជាពរដ្ឋទាំងនោះទទួលបានការគាំពារ និងការឧត្តម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល។

យុទ្ធនាការចុះចែកបណ្ណសមធម៌ ដែលរៀបចំឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ ដឹកនាំដោយក្រសួងផែនការ ក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមនឹងក្រុមការងារចម្រុះនៃអាជ្ញាធរភូមិ-ឃុំ និងរដ្ឋបាលស្រុក។

លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និង លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលជាអគ្គនាយកផែនការ នៃក្រសួងផែនការ បានសាកសួរ និងផ្ដល់ព័ត៌មានលម្អិតបន្ថែម អំពីដំណើរការនៃការកំណត់អត្តសញ្ញាណ និងអត្ថប្រយោជន៍នៃបណ្ណសមធម៌។

លោកបណ្ឌិត ចន ណារិទ្ធ បានសង្កត់ធ្ងន់ថា ដោយមានការចង្អុលបង្ហាញឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើសុខទុក្ខ និងផ្តល់ការគាំពារសេវាសង្គមរយៈពេលវែង ដល់បងប្អូនប្រជាពលរដ្ឋដែលព្រមផ្លាស់ប្តូរលំនៅដ្ឋាន ពីតំបន់រមណីយដ្ឋានអង្គរ និងតាមមាត់ស្ទឹងសៀមរាប មកកាន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួល និងតម្រង់ទិសរួមលើការងារគាំពារសង្គម បានដឹកនាំសម្របសម្រួលយ៉ាងសកម្ម ក្នុងការធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលព្រមមករស់នៅជាក់ស្តែង នៅភូមិធម្មជាតិរុនតាឯក ទទួលបានការគាំពារ និងជាពិសេសអាចទទួលបានទទួលបានការឧត្តម្ភសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាប្រាក់ឧត្តម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំជាដើម ដែលជាការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកបន្តថា ការចុះកំណត់អត្តសញ្ញាណពលរដ្ឋក្រីក្រ និងចុះចែកបណ្ណសមធម៌ដល់ពលរដ្ឋ នៅភូមិធម្មជាតិរុនតាឯកនេះ ក៏នឹងធ្វើឡើងជាបន្តបន្ទាប់ទៀតផងដែរ។

សូមបញ្ជាក់ថា បណ្ណសមធម៌ ឬបណ្ណក្រីក្រនេះ មានអត្ថប្រយោជន៍ជាច្រើន រួមមានការទទួលបានការពិនិត្យ និងព្យាបាលជំងឺនៅពេទ្យរដ្ឋដោយមិនចាំបាច់បង់ថ្លៃក្រោមមូលនិធិសមធម៌សុខាភិបាល, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងជាពិសេសប្រាក់ឧបត្ថម្ភប្រចាំខែពីកម្មវិធីឧបត្ថម្ភសាច់បា្រក់ជូនគ្រួសារក្រីក្រ និងងាររងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាដើម៕