(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ។

ក្នុងនាមជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្តេជ្ញាធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ ក្លាយជាសមិទ្ធផល ប្រវត្តិសាស្ត្រមួយទៀតសម្រាប់ប្រទេសកម្ពុជា និងអាស៊ាន។

តាមរយៈ Facebook លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ពេលវេលាដើរលឿនណាស់! មិនដល់៧សប្តាហ៍ទៀតទេ ដល់កិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញហើយ។ ព្រឹកនេះ ខ្ញុំបានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២។ ពិតណាស់ យើងមានភារកិច្ច និងការងារសេសសល់មួយចំនួន ប៉ុន្តែយើងនឹងខិតខំធ្វើឱ្យព្រឹត្តិការណ៍មួយនេះក្លាយជាសមិទ្ធផល ប្រវត្តិសាស្ត្រមួយទៀតសម្រាប់ប្រទេសកម្ពុជា និងអាស៊ាន»

សូមជម្រាបថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។

គួររំលឹកថា កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង ២០១២ ៕