(ភ្នំពេញ)៖ លោក ឈាង វណ្ណារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ហ. និងជាអ្នកដឹកនាំក្រុមការងារបច្ចេកទេស បានបន្តប្រជុំពិភាក្សាជាមួយក្រុមការងារតំណាងវិស័យឯកជនដែលដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានអង្គការយុវជនដើម្បីមាតុភូមិ និងជាអនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (ស.ម.ម.ស.ក.), លោក តាំង សាមឿន និងលោក ប៉ាន់ខែម ប៊ុនថន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការ ក.ស.ហ.វ។

កិច្ចប្រជុំនេះធ្វើឡើងសំដៅលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាការយកចិត្តទុកដាក់ខ្ពស់ពីសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដឹកនាំដោយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.) បានណែនាំឱ្យអគ្គនាយកដ្ឋានគោលនយោបាយ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) រៀបចំត្រួតពិនិត្យ និងប្រមូលធាតុចូលលើបញ្ហាប្រឈម ក៏ដូចជាការកំណត់យន្ដការដោះស្រាយសម្រាប់ការគាំទ្រដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ជាកិច្ចចាប់ផ្តើម លោក ឈាង វណ្ណារិទ្ធ បានសម្តែងនូវការស្វាគមន៍ជាថ្មីចំពោះក្រុមការងារអង្គការយុវជនដើម្បីមាតុភូមិ ដែលដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ព្រមទាំងបានធ្វើបទបង្ហាញជូនអង្គប្រជុំនូវវឌ្ឍនភាពការងារសម្រាប់គាំទ្រដល់ការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយបានពិនិត្យមើលលើគោលបំណង និងគោលដៅ ឲ្យមានលក្ខណៈសមស្រប គ្រប់ជ្រុងជ្រោយ និងបង្កើនប្រសិទ្ធភាពការងារសំដៅទទួលបានផ្លែផ្កា ស្របតាមការរំពឹងទុក។

ក្រោយពីបានស្តាប់នូវបទបង្ហាញ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានធ្វើការគោរពដឹងគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ ជាពិសេសផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតក៏បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋានគោលនយោបាយ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ ក្នុងការគិតគូរត្រៀមរៀបចំនូវឯកសារផ្សេងៗសម្រាប់ការងារពាក់ព័ន្ធនឹងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ។ ស្របជាមួយគ្នានេះដែរ លោកបណ្ឌិត ក៏បានធ្វើការបង្ហាញជូនអង្គប្រជុំនូវរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ ដែលក្រុមការងារអង្គការយុវជនដើម្បីមាតុភូមិ, សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងសមាគមសម្ព័ន្ធបំពេញភារកិច្ចពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា បាននិងកំពុងអនុវត្តកន្លងមក។

ជាលទ្ធផល ក្រុមការងារទាំងពីរស្ថាប័នបានផ្លាស់ប្តូរនូវមតិយោបល់ និងធាតុចូលគន្លឹះៗជាច្រើន ដែលក្រុមការងារផ្ទាល់មានបទពិសោធន៍ក្នុងការអនុវត្តការងាររបស់ខ្លួនកន្លងមក ជាពិសេសការលើកពីបញ្ហាប្រឈម តម្រូវការ និងសំណូមពរ ពីវិស័យឯកជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា ការជួយសម្របសម្រួលការចុះបញ្ជី, ការទទួលបាននូវប័ណ្ណ ប.ស.ស., ការបណ្តុះបណ្តាលធនធានមនុស្ស, និងកិច្ចគាំពារផ្សេងៗ ពីរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ជាធាតុចូលជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចពិភាក្សាបានបញ្ចប់ក្នុងបរិយាកាសមិត្តភាព និងស្និទ្ធស្នាលក្នុងស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចឱ្យបាននូវលទ្ធផលការងារស្របតាមការផ្តល់នូវសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល៕