(សៀមរាប)៖ ក្នុងស្ថានភាពអាកាសធាតុទូទៅនៅកម្ពុជាដែលកំពុងស្ថិតក្នុងរដូវវស្សា ព្រមទាំងសម្ពាធទាបដែលរងឥទ្ធិពលពីខ្យល់ព្យុះផ្សេងៗធ្វើឱ្យមានភ្លៀងធ្លាក់លើសពីធម្មតា និងមានខ្យល់ដែលមានកម្លាំងល្បឿនខ្លាំង អាជ្ញាធរជាតិអប្សរាក៏បានអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នករណីដើមឈើដួលរលំ នៅតាមផ្លូវនៃរមណីយដ្ឋានអង្គរ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា រមណីយដ្ឋានអង្គរក៏ទទួលបានទឹកភ្លៀងក្នុងកំរិតខ្ពស់បណ្តាលឱ្យដីមានភាពទន់ជ្រាយ និងរងទទួលនូវខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង បណ្តាលឱ្យមានដើមឈើមួយចំនួនបានដួលរលំជាបន្តបន្ទាប់ ព្រមទាំងបង្កផលប៉ះពាល់ដល់ប្រាង្គប្រាសាទ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងឡាយដែលឆ្លងកាត់ និងចូលទៅទស្សនាក្នុងរមណីយដ្ឋានអង្គរ។

លោកបានបន្តថា ស្ថិតក្នុងស្ថានភាពប្រឈម អាជ្ញាធរជាតិអប្សរាបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងដំណើរចូលទៅកម្សាន្តក្នុងរមណីយដ្ឋានអង្គរ ជាពិសេសពេលមានភ្លៀងធ្លាក់ខ្លាំងត្រូវនៅឱ្យឆ្ងាយពីដើមឈើធំៗ កុំជ្រក ឬចតយានយន្តក្រោមដើមឈើ ដើម្បីជៀសវាងពីគ្រោះថ្នាក់ជាយថាហេតុណាមួយ៕