(ត្បូងឃ្មុំ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊េរីទំនើប Lexus570 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2AQ-2225 បានបុកគ្នាជាមួយនឹងម៉ូតូរឺម៉ក បណ្ដាលឱ្យមនុស្សស្លាប់០២នាក់ យ៉ាងអាណោចអាធ៌ម នៅវេលាម៉ោង ១២៖១៥នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង រថយន្ត Lexus570 ពណ៌ខ្មៅ និងម៉ូតូសណ្តោងរ៉ឺម៉ក់ម៉ាកវ៉េវ (គ្មានអាវ) ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ អែម សំអូន (ហៅគោ) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) បានឌុបឈ្មោះ ផន ភីន ភេទប្រុស អាយុ១៦ឆ្នាំ នៅរស់ភូមិ-ឃុំជាមួយអ្នកបើកបរ (ស្លាប់នៅកន្លែងកើតហេតុ)។ ចំណែករថយន្តម៉ាក Lexus570 ពណ៌ខ្មៅដែលបើកមកបុកពេញទំហឹង ហើយអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពពីអ្នកឃើញហេតុការណ៍ឱ្យដឹងថា រវាងម៉ូតូ និងរថយន្ត បានបើកបរបញ្ច្រាសទិសគ្នា ដោយម៉ូតូសណ្តោងរ៉ឺម៉ក់បើកបរពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ធ្វើឱ្យរថយន្តដែលបើកត្រង់ពីត្បូងទៅជើង បានបើកមកបុកពេញទំហឹងតែម្ដង បណ្តាលឱ្យអ្នកបើកម៉ូតូរ៉ឺម៉ក់ទាំង ២នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុតែម្តង ចំណែកអ្នកបើករថយន្តវិញ បើកទ្វារត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សពជនរងគ្រោះទាំង២នាក់ ត្រូវបានជំនាញធ្វើកំណត់ហេតុ រួចប្រគល់ទៅឱ្យក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត lexus 570 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2AQ-2225 និងម៉ូតូសណ្តោងរ៉ឺម៉ក់ ត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែកបណ្ដោះអាសន្ន ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវបន្តទៀតតាមនីតិវិធី៕